ឯកឧត្តម លី ធុជ៖ វគ្គបណ្តុះបណ្តាលបោសសម្អាតមីននៅប្រទេសចិន នឹងជួយពង្រឹងជំនាញបច្ចេកទេសបន្ថែមដល់កងកម្លាំងកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នកងកម្លាំងកម្ពុជាចំនួន២០រូបកំពុងសិក្សាវគ្គ «បណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌» នៅប្រទេសចិន ដែលតាមរយៈការបណ្តុះបណ្តាលនេះ អាជ្ញាធរមីនរំពឹងថា នឹងជួយពង្រឹងជំនាញបច្ចេកទេសបន្ថែមដល់កងកម្លាំងកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។

ថ្លែងនៅថ្ងៃទី១៩ ខែកក្កដា ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ទ័ពមួកខៀវកម្ពុជា នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចំនួនប្រាំពីររូប អាជ្ញាធរមីនចំនួនប្រាំរូប និងចំណុះបញ្ជាការដ្ឋានទ័ពជើងគោកប្រាំបីរូប សរុប២០រូប កំពុងសិក្សាលើជំនាញវគ្គ”បណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌”នៅប្រទេសចិន។ វគ្គបណ្តុះបណ្តាលនេះ គឺមានរយៈពេលបីខែ គិតចាប់ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យវិស្វកម្ម នៃកងទ័ពរំដោះប្រជាជនចិន ក្នុងទីក្រុងណានជីង ខេត្តចាងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឃើញថាមិត្តចិនបានបន្តជួយយើងជាបន្តបន្ទាប់លើការងារបោសសម្អាតមីន ដោយបានផ្តោតលើសកម្មភាពធំៗចំនួន៣ រួមមាន៖ ផ្តល់ជាថវិកាដើម្បីបោសសម្អាតគា្រប់នៅកម្ពុជា, ជួយផ្តល់ជាសម្ភារៈ ដើម្បីសម្រួលកិច្ចការបោសសម្អាតមីនឱ្យមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និងការជួយផ្តល់វគ្គបណ្តុះបណ្តាលដល់កងកម្លាំងជំនាញកម្ពុជា»។

តាមរយៈវគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌នៅប្រទេសចិននាពេលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជួយពង្រឹងសមត្ថភាពបន្ថែម ពីផ្នែកបច្ចេកទេសគ្រាប់មីន គ្រាប់រំសេវ ដែលជារឿងចាំបាច់បំផុត ដើម្បីឈានទៅពន្លឿនកិច្ចការបោសសម្អាតមីននាពេលបច្ចុប្បន្ន និងអនាគត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម លី ធុជ។

យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ដែរថា សិក្ខាកាមចូលរួមចំនួន ២០រូបនេះ គឺបានទទួលការបណ្តុះបណ្តាលរួមមាន៖ របៀបប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ GTL 117A, របៀបប្រើប្រាស់ម៉ាស៊ីនរាវគ្រាប់ទំលាក់លើយន្តហោះប្រភេទ GTL 312, ការហ្វឹកហ្វឺនពីមូលដ្ឋានបច្ចេកទេសបំផ្ទុះ, ការសិក្សាអំពីប្រភេទមីន និងគ្រាប់មិនទាន់ផ្ទុះ។ ការសិក្សាពីវប្បធម៌ នយោបាយភូមិសាស្រ្ត និងសេដ្ឋកិច្ច, ការសិក្សាអំពីអក្សរសាស្ត្រចិន និងបានអនុវត្តការបង្រៀនលើទីលាន និងទ្រឹស្តីតាមមុខវិជ្ជានីមួយៗ លើសពីនេះ យោធាចារ្យចិនក៏បានឡើងថ្នាក់អំពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ GTL 117A និងGTL 312 ផងដែរ។

បើតាមរបាយការណ៍ពីអាជ្ញាធរមីន បានឱ្យដឹងថា ការបណ្តុះបណ្តាលលើការបោសសម្អាតមីនរបស់ចិន បានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហើយបានបន្តធ្វើជារៀងរាល់ឆ្នាំ ដោយលើកលែងអំឡុងពេលនៃការរាតត្បាតកូវីដ១៩ គឺពីឆ្នំា ២០១៩-២០២២។ ជារួម មកដល់ពេលនេះ មានសិក្ខាកាមសរុបចំនួន ១៤០ នាក់ បានចូលវគ្គបណ្តុះបណ្តាលនេះ ក្នុងនោះមាន៖ មន្រ្តីយោធាចំនួន ៩៣នាក់ និងអាជ្ញាធរមីនចំនួន ៤៧ នាក់៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner