លោកគ្រូ សាន សុជា នឹងទទួលបាននូវការតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអតីតអ្នកបួសខ្មែរ
ភ្នំពេញ៖ សមាគមអតីតអ្នកបួសខ្មែរដែលជាសមាគមផ្នែកអ្នកបួសដំបូងគេនៅកម្ពុជា ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ ដោយសមាគមនេះបង្កើតឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនង បង្កើតការចែករំលែកចំណេះដឹង បទពិសោធន៍ បំណិនជីវិត ទ្រទ្រង់ព្រះពុទ្ធសាសនា និងមានចក្ខុវិស័យ ចង់ឃើញអ្នកបួសខ្មែរ មានសាមគ្គីភាពគ្នា មានលទ្ធភាពរស់នៅថ្លៃថ្នូរ និងជាគំរូល្អក្នុងសង្គម។សមាគមនេះក៏គ្រោងនឹងតែងតាំងលោកគ្រូ សាន សុជា និងមានថ្នាក់ដឹកនាំអតីតអ្នកបួសជាច្រើនរូបទៀតទាំងផ្នែកខាងរដ្ឋ និងឯកជន ជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគម។
សមាគមអតីតអ្នកបួសខ្មែរត្រូវបានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃនៅថ្ងៃទី១៨ខែកក្កដា ដែលមានអាសយដ្ឋាន ទីស្នាក់ការកណ្តាលនៅបុរីប៉េងហួតស្ទឹងមានជ័យ ផ្ទះលេខ៤០ ផ្លូវលេខ៨ ក្រុមទី៩ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមរយៈសេចក្តីសម្រេចដែលចុះហត្ថលេខាដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ «សមាគមអតីតអ្នកបួសខ្មែរ ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ចស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ»។
ក្រោយចុះបញ្ជីស្របច្បាប់ជាផ្លូវការ សមាគមអតីតអ្នកបួសខ្មែរ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃ១៩ ខែកក្កដាថា ការប្រឹងប្រែងជាបន្តបន្ទាប់ពេលនេះសម្រេចបានជាផ្លូវការ ហើយនេះជាសមិទ្ធផលទី១ របស់ទាំងអស់គ្នា ដែលបានចូលរួមនាពេលកន្លងមក និងជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់ការចាប់ផ្តើមសមាគមទាំងអស់គ្នាផងដែរ។
លោក ហឿន សំនៀង ក្នុងនាមអតីតអ្នកបួសខ្មែរមួយរូប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអតីតអ្នកបួសខ្មែរបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដាថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងមោទនភាពមួយសម្រាប់អតីតអ្នកបួសខ្មែរទាំងអស់។
លោកបន្តថា នេះគឺជាសមាគមផ្លូវការដំបូងគេបំផុតរបស់អតីតអ្នកបួសគ្រប់រូប និងគ្រប់ជំនាន់ដែលមិនធ្លាប់មានពីមុនមកទេ យើងធ្លាប់តែមានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងសមាគមពុទ្ធសាសនា និងអង្គការសមាគមជាច្រើន។ ប៉ុន្តែសមាគមដែលតំណាងឱ្យអតីតអ្នកបួសមិនធ្លាប់មានទេ។
យោងតាមស្មារតីអង្គសន្និបាតផ្លូវការលើកទី១ របស់អតីតអ្នកបួសខ្មែរ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៣កន្លងទៅនារាជធានីភ្នំពេញបានសម្រេចជ្រើសតាំងសមាជិកក្នុងអង្គសន្និបាតចំនួនប្រាំបួនរូប ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសមាគមអតីតអ្នកបួសខ្មែរ។
សមាសភាពប្រាំបួនរូបនោះរួមមាន៖ លោក ហឿន សំនៀង ជាប្រធានក្រុមប្រឹក្សាភិបាល, លោក អឿន សំអាន, លោក នឹម ឈុន្នី និង លោក ថន វណ្តុង ជាអនុប្រធានក្រុមប្រឹក្សាភិបាល។ ចំណែកលោកមេធាវី វាត់ គីមលី, លោក ធឿន វុឌ្ឍី, លោក ហ៊ួ សុខរត័្ន, លោក ពុន ហង្សេន និងលោក បៀន យឹម ជាសមាជិកក្រុមប្រឹក្សាភិបាល។ ក្នុងនោះដែរក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសតាំងលោក ហេង លីស៊ិនហួន ជាអគ្គលេខាធិការ សមាគមអតីតអ្នកបួសខ្មែរ។
បើតាមលោក ហឿន សំនៀង ក្រៅពីសមាជិកក្រុមប្រឹក្សាភិបាលសមាគមអតីតអ្នកបួសខ្មែរ នឹងធ្វើការតែងតាំងទីប្រឹក្សាជាន់ខ្ពស់នៃសមាគមនេះនៅពេលដ៏ខ្លីខាងមុខដោយក្នុងនោះក៏មានលោកគ្រូ សាន សុជា អតីតអ្នកបួសដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។
លោកថ្លែងថាថ្នាក់ដឹកនាំដែលជាទីប្រឹក្សាជាន់ខ្ពស់ដែលសុទ្ធតែជាអតីតអ្នកបួសទាំងអស់ ដែលមានតួនាទី និងបទពិសោធន៍ការងារផ្សេងៗក្នុងសង្គម ក៏បានស្ម័គ្រចិត្តធ្វើជាទីប្រឹក្សា។ អ៊ីចឹង!ពេលដ៏ខ្លីខាងមុខនេះក៏នឹងមានសេចក្តីសម្រេចជាផ្លូវការចំពោះការតែងតាំងជាទីប្រឹក្សា ក្នុងនោះក៏រួមមានលោកគ្រូ សាន សុជា និងមានថ្នាក់ដឹកនាំអតីតអ្នកបួសជាច្រើនរូបទៀតទាំងផ្នែកខាងរដ្ឋ និងឯកជន។
លោក ហឿន សំនៀង គឺជាអ្នកអតីតអ្នកបួសរៀនសូត្រអស់រយៈពេលប្រមាណ១៩ វស្សា ឬ១៩ឆ្នាំ នៅវត្តមួយក្នុងខេត្តសៀមរាប ពោលលោកបួសជាព្រះសង្ឃនៅអាយុ១៧ និងសឹកជាគ្រហស្ថនៅពេលដែលលោកអាយុ៣៥ឆ្នាំ។
លោកបានរំលេចថា សមាគមអតីតអ្នកបួសខ្មែរ បង្កើតឡើងដោយមានចក្ខុវិស័យចង់ឃើញអតីតអ្នកបួសខ្មែរគ្រប់ជំនាន់ ដែលកំពុងតែរស់នៅគ្រប់ទីកន្លែង និងបំពេញតួនាទីភារកិច្ចប្រកបអាជីវកម្មនៅក្នុងគ្រប់វិស័យទាំងរដ្ឋ និងឯកជន គឺមានការរួបរួមសាមគ្គីគ្នា ហើយអាចមានការចែករំលែកចំណេះដឹងបទពិសោធន៍ ក្នុងស្មារតីគាំទ្រនិងជ្រោមជ្រែងដល់គ្នារវាងដល់អតីតអ្នកបួសនៅកម្ពុជា។
លោកបន្តថា សមាគមនេះក៏នឹងធ្វើការផ្នែកមនុស្សធម៌ និងការងារទ្រទ្រង់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលើកកម្ពស់ព្រះពុទ្ធសាសនា។
លោកបានឱ្យដឹងទៀតថាសមាគមនេះមានលក្ខណៈពិសេសត្រង់ថាអ្នកដែលចូលរួមជាសមាជិកបាន ទាល់តែជាអ្នកធ្លាប់បានបួសក្នុងសំណាក់ព្រះពុទ្ធសាសនា។ដូច្នេះដើម្បីបានក្លាយទៅជាសមាជិកគឺទាល់តែធ្លាប់បានបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ដូចជាសមាគមអ្នកឧកញ៉ាដែរ ទាល់តែមានងារជាឧកញ៉ាទើបចូលសមាគមនេះបាន។
លោកបានបន្ថែមថា ទោះបីបុគ្គលនោះមានបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់លុយកាក់ច្រើនប៉ុណ្ណាក៏ដោយក៏មិនអាចចូលជាសមាជិកសមាគមអតីតអ្នកបួសខ្មែរបានទេ បើសិនជាមិនធ្លាប់បួស។ មួយវិញទៀត បើទោះបីជាគាត់ធ្លាប់រស់នៅក្នុងស្ថានភាពបែបណា មានជីវភាពបែបណា នៅឆ្ងាយប៉ុណ្ណា និងបួសនៅក្នុងសម័យកាលណាក៏ដោយ ក៏គាត់អាចក្លាយជាសមាជិកសមាគមនេះបានដែរ ដោយមិនមានការរើសអើស ប្រវត្តិ ជីវភាព និងឋានៈក្នុងសង្គមឡើយ»។
យោងតាមការផ្សព្វផ្សាយ សមាគមអតីតអ្នកបួសខ្មែរបានបង្ហាញក្តីសង្ឃឹមថា តាមរយៈសមាគមនេះ នឹងប្រមូលផ្តុំលោកបង លោកប្អូន អតីតអ្នកបួសខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលធ្លាប់ជ្រកក្រោមដំបូលវត្តអារាម ម្លប់ព្រះពុទ្ធសាសនាដូចគ្នា ស្រាក់ដៃគ្នា បំពេញបេសកកម្ម កសាងសាមគ្ភីភាព ចែករំលែកបទពិសោធន៍ ឱកាសការងារ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជារួមគ្នាទ្រទ្រង់សាសនា និងសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
សមាគមក៏សង្ឃឹមថា សមាគមអតីតអ្នកបួសខ្មែរ នឹងទទួលបានការគាំទ្របន្ថែមទៀតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ តាមរយៈការរួបរួមសាមគ្គីគ្នា ការដឹកនាំ និងចង្អុលបង្ហាញពីក្រុមប្រឹក្សាភិបាល និងទីប្រឹក្សាជាន់ខ្ពស់ ដែលធ្លាប់បួសរៀនច្រើនវស្សា មានចំណេះដឹងជ្រៅជ្រះ និងបទពិសោធការងារ ទាំងក្នុងវិស័យរដ្ឋ និងឯកជន។
គួរជម្រាបថា លោក ហឿន សំនៀង គឺជាអ្នកអតីតអ្នកបួសរៀនសូត្រអស់រយៈពេលប្រមាណ១៩ វស្សា ឬ១៩ឆ្នាំ នៅវត្តមួយក្នុងខេត្តសៀមរាប ពោលលោកបួសជាព្រះសង្ឃនៅអាយុ១៧ និងសឹកជាគ្រហស្ថនៅពេលដែលលោកអាយុ៣៥ឆ្នាំ៕ ដោយ៖ សុខ រក្សា