រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៨ ខែកក្កដាបានចេញសេចក្តីសម្រេចដោយកំណត់យកថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភា។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៩ ខែកក្កដាបានប្រាប់ឱ្យដឹងថា ការងារនេះ គឺជាកិច្ចការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការកំណត់កាលបរិច្ឆេទលើការរៀបចំការបោះឆ្នោតសកល និងអសកល ហើយក៏មិនអ្វីជាការលំបាកសម្រាប់ប្រទេសកម្ពុជាក្នុងការរៀបចំការបោះឆ្នោតនេះ។
ឯកឧត្តមបានថ្លែងថា ការបោះឆ្នោតនេះមិនមានភាពទូលំទូលាយដូចការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនោះទេ ព្រោះការបោះឆ្នោតនេះ មានតែក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមប្រឹក្សាក្រុងស្រុកជាដើម ជាអ្នកបោះឆ្នោត ខណៈប្រជាពលរដ្ឋធម្មតាទូទៅផ្សេងទៀតមិនចូលរួមនោះទេ ជាពិសេសការបោះឆ្នោតនេះ ក៏មិនមានគណបក្សនយោបាយចូលរួមច្រើនដែរ។
ចំណែកឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែកក្កដា ក៏បានប្រាប់ដែរថា នៅក្នុងច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់ក្រសួងមហាផ្ទៃ ក្នុងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោត។
ឯកឧត្តមបានបន្តថា ក្រោយទទួលបាននូវសេចក្តីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកំណត់កាលបរិច្ឆេទជាក់លាក់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំផែនការមេ ប្រតិទិនសម្រាប់ការបោះឆ្នោត សម្ភារបរិក្ខាបោះឆ្នោតព្រមទាំងថវិកា សម្រាប់ដំណើការបោះឆ្នោតមួយនេះផងដែរ។
ឯកឧត្តម សោម សូរីដា បានសង្កត់ធ្ងន់ថា ៖ «នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ នេះ គ.ជ.ប នឹងមានកិច្ចការសំខាន់ចំនួនពីរបន្ថែមសម្រាប់ដំណើការបោះឆ្នោតដោយក្នុងនោះការរៀបចំដំណើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការរៀបចំពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំរបស់ខ្លួន។
បើតាមឯកឧត្តម សោម សូរីដា បើទោះបីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មិនទាន់ត្រូវបានបញ្ចប់ជាស្ថាពរក្តី តែគ.ជ.ប មិនមានការព្រួយបារម្ភនោះទេ ព្រោះ គ.ជ.ប មានបទពិសោធន៍រួចហើយលើកិច្ចការងារបោះឆ្នោតនេះ។
ឯកឧត្តមបានថ្លែងថា តាមពិត គ.ជ.ប បានត្រៀមមួយជំហានរួចហើយលើការបោះឆ្នោតនេះ យើងរងចាំតែកាលបរិច្ឆេទជាក់លាក់ ដែលរាជរដ្ឋាភិបាលបានប្រកាសនោះទេ។ កិច្ចការងារបោះឆ្នោតនេះ មិនមានលំបាកអ្វីទេ ព្រោះវាជាការងារ និងវិជ្ជាជីវៈរបស់គ.ជ.ប ។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត (និកហ្វិក) នៅថ្ងៃទី១៩ ខែកក្កដា បានប្រាប់ដោយលោកយល់ឃើញស្រដៀងគ្នាដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាតួនាទីរបស់នាយករដ្ឋមន្ត្រីក្នុងការប្រកាសកំណត់ថ្ងៃក្នុងការបោះឆ្នោត ដែលមានអាណត្តិ ៦ ឆ្នាំ បោះឆ្នោតម្តង។
សូមបញ្ជាក់ដែរថា អនុលោមតាមច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជាធរមាន នាថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ព្រឹទ្ធសភាត្រូវបានបង្កើតឡើង និងបានបើកសម័យប្រជុំលើកទី១ នីតិកាលទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩៕ ដោយ៖ គឹម យុត្ថារ៉ូ