មនុស្សជាង៥០នាក់ នៃគណបក្សភ្លើងទៀន ក្នុងរាជធានីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងសកម្មជនជាង៥០នាក់នៅខណ្ឌមានជ័យ និងខណ្ឌដូនពេញ បានសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។

ការស្ម័គ្រចិត្តចូលរួមរបស់សមាជិកគណបក្សភ្លើងទៀនទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣ ដោយពួកគេបានដោះអាវនិងទម្លាក់ស្លាកគណបក្សភ្លើងទៀនចេញហើយ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ព្រឹត្តិការណ៍ទម្លាក់ស្លាកគណបក្សភ្លើងទៀនចេញនេះបាន ធ្វើឡើងនៅស្នាក់ការគណបក្សភ្លើងទៀន ស្ថិតក្នុងភូមទ្រាទី៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោក ភួង សុវណ្ណ ដែលសមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារចុះជួយគណបក្សភ្លើងទៀនរាជធានីភ្នំពេញ បានអះអាងថា សមាជិករបស់លោកទាំងអស់ គឺគ្មានជំនឿទៅលើការដឹកនាំ របស់គណបក្សភ្លើងទៀនតទៅទៀតនោះទេ ព្រោះមេដឹកនាំគណបក្សនេះ តែងបោកប្រាស់សមាជិករបស់ខ្លួនរហូត ហើយពុំដែលធ្វើអ្វីដើម្បីប្រជាជន និងប្រទេសជាតិនោះទេ។

អតីតសកម្មជនម្នាក់ទៀត ឈ្មោះ ទឹង សុចិត្រា ដែលជាប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌមានជ័យ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះទេ ដែលជាគណបក្សគិតគួរប្រទេសជាតិប្រជាជាតិជាធំ មិនដូចមេដឹកនាំគណបក្សភ្លើងទៀន ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ៕

ads banner