ក្លិបក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ ចំបាប់កាច់ដៃ ពានរង្វាន់សហព័ន្ធលើកទី២

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់កាច់ដៃពានរង្វាន់ សហព័ន្ធលើកទី២ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា នៅរង្វង់មូលនាងទេពមច្ឆា ក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញបានបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ បន្ទាប់ពីដំណើរការ អស់រយៈពេលពេញថ្ងៃ។

តាមរយៈការប្រកួត ក្នុងព្រឹត្តិការណ៍នេះ ក្លិបកីឡាក្រសួងមហាផ្ទៃ ជាក្លិប ដែលដណ្តើមបានមេដាយមាសច្រើនជាងគេ ចំនួន៣គ្រឿង ក្នុងនោះ មេដាយមាស ១លើវិញ្ញាសា នារីទម្ងន់សេរី រកបានដោយ កីឡាការិនី ងួន ថង និង ២គ្រឿងទៀត លើវិញ្ញសាទម្ងន់ 95គីឡូក្រាមឡើង និងវិញ្ញាសា ក្រោម 95 គីឡូក្រាម រកបានដោយកីឡាករ ហេង វុទ្ធី តែម្នាក់ឯង។ ខណៈ ៣ក្លិបទៀត មានក្លិប ខេត្តកំពង់ស្ពឺ ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ និង ក្លិប ខេត្តកណ្តាល រកបានមេដាយមាសម្នាក់១គ្រឿង។

ក្រោយបញ្ចប់ការប្រកួតឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា មានប្រសាសន៍ថា ចំបាប់កាច់ដៃជាកីឡា១ប្រភេទដែលមានប្រជាប្រិយភាពតាំងពីយូរមកហើយ ប៉ុន្ដែយើងទើបតែបានបង្កើតសហព័ន្ធនេះជាផ្លូវការ នៅឆ្នាំ២០១៩ ប៉ុណ្ណោះដែល រហូតមកទល់ បច្ចុប្បន្ន ពុំទាន់មានសកម្មភាពអ្វីខ្លាំងក្លានៅឡើយ កន្លងមកគឺមានតែការបង្ហាញទ្រង់ទ្រាយតូច ដោយសារតែស្ថានភាពនៃការរីករាលដាល នៃជម្ងឺ កូវីដ១៩។ មកដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការឡើងវិញលើគ្រប់វិស័យ នៅចុងឆ្នាំ សហព័ន្ធ បានសម្រេចរៀបចំការប្រកួតដណ្ដើមពានរង្វាន់ លើកទី១របស់ខ្លួន នៅសាលាគរុកោសល្យនិង វិក្រឹត្យការ ខេត្តកណ្ដាល ដើម្បីជាការបំផុសស្មារតីដល់អ្នកនិយមលេងកីឡាប្រភេទនេះឲ្យប្រុងប្រៀបរៀបចំខ្លួន ចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនៅឆ្នាំនេះ ។

ឯកឧត្តម បណ្ឌិតបន្ដថា ចំបាប់កាច់ដៃមានការទទួលស្គាល់ជាផ្លូវការ ពីគណៈកម្មធិការជាតិអូឡាំពិកហើយ ប៉ុន្ដែមិនទាន់ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជននិងកីឡានៅឡើយទេ ដោយសារយើងមិនទាន់បានរៀបចំ ក្លិប សមាគម ឲ្យបានច្រើន នៅតាមបណ្ដារាជធានីខេត្ត។ បើសិនជាយើង អាចរៀបចំក្លិប សមាគមចំបាប់កាច់ដៃឲ្យបានទូលំទូលាយ ទូទាំងប្រទេស នោះ នឹងទទួលបានការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡាជាមិនខាន ។

ប្រធានសហព័ន្ធរូបនេះ បានឲ្យដឹងដែរថា សហព័ន្ធក៏មានគម្រោង បើកវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាលចៅក្រមអន្ដរជាតិជា បន្ដបន្ទាប់ផងដែរនាពេល ខាងមុខនេះ ដើម្បីដឹកនាំការប្រកួតឲ្យបានកាន់តែប្រសើរ និង មានភាពសុក្រឹត្យ ដែលធ្វើឲ្យកីឡាករកីឡាការរិនី រីករាយ ក្នុងការចូលរួមប្រកួតទោះជាចាញ់ក៏ចាញ់ដោយអស់ចិត្ត និងឈ្នះគឺឈ្នះ ដោយកិត្តិយស ៕

ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner