ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅ កម្ពុជានាពេលខាងមុខនេះ
(ភ្នំពេញ)៖ ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ព្រមទាំងគណៈប្រតិភូ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ នាពេលខាងមុខនេះ។
នេះបើយោងតាមការបញ្ជាក់ ពី ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ថ្លែងបញ្ជាក់កាលពី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ ត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម ( Nuno Gomes Nabiam ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ព្រមទាំងគណៈប្រតិភូ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅ កម្ពុជា នាពេលខាងមុខនេះ។
ឯកឧត្តម ឈិន កេតនា ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចការងាររបស់ នាយករដ្ឋមន្ត្រី ហ្គីណេប៊ីស្សូ គណៈប្រតិភូគ្រោងនឹងចូលជួបសំដែងការគួរសម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព និងអញ្ជើញចូលរួមអាហារពេលល្ងាច រៀបចំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបន្ត ជួបសំដែងការគួរសម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
គណៈប្រតិភូក៏នឹងចូលរួមសង្កេតការណ៍ដំណើរការបើកមណ្ឌលបោះឆ្នោត ចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោត ចូលរួមសង្កេតការណ៍ដំណើរការបិទមណ្ឌលបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងសន្និសីទសារព័ត៌មាន ផងដែរ ។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំក៏បានសំណូមពរឲ្យតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា