ឯកឧត្ដម ជា ចាន់តូ ៖ ការរួមគ្នានៅដាំដើមឈើ ជាការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីអបអរដល់រុក្ខទិវា៩កក្កដា និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យព្រៃឈើនៅកម្ពុជា
(ស្រុកសន្ទុក)៖ ឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់ថា ការរួមគ្នានៅដាំដើមឈើ ជាការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីអបអរដល់រុក្ខទិវា៩កក្កដា និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យព្រៃឈើនៅកម្ពុជា។ ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ណាស់ មិនសម្រាប់តែទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើនូវបានផ្ដល់ភាពបៃតង បរិយាកាសស្រស់បំព្រងទទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយថែមទៀតផង។
ឯកឧត្ដម ជា ចាន់តូ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ដូចនេះ ក្នុងឱកាសដឹកនាំក្រុមការងារក្រុមយុវជនធនាគារនៃជាតិនៃកម្ពុជា មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដាំដើមឈើចំនួន ៤០០ដើម ដើម្បីទុកជាអនុស្សវរីយ៍នៅក្នុងបរិវេណវិទ្យាល័យតាំងក្រសាំង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។
ឯកឧត្ដម ជា ចាន់តូ បានរំលឹកថា ក្រៅពីផ្តល់ជាជម្រកដ៏ប្រសើរសម្រាប់សត្វគ្រប់ប្រភេទ ព្រៃឈើ ក៏នៅមានផ្តល់នូវឧស្ម័នអុកស៊ីសែន សម្រាប់សត្វទាំងនោះដកដង្ហើម ជួយឱ្យបរិយាកាសមានសភាពល្អប្រសើរមានលំនឹងកម្តៅ ព្រមទាំងបង្កឲ្យមានភ្លៀងធ្លាក់ទៀងទាត់។ ពោលព្រៃឈើជួយរក្សាបរិយាកាសនិងជួយកាត់បន្ថយគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតផ្សេងៗទៀតផង ។ ជាមួយគ្នានេះ ព្រៃឈើក៏ជួយទប់ស្កាត់ការហូរច្រោះដី និងរក្សានិរន្តរភាពទឹកក្រោមដីផងដែរ ។
ឯកឧត្ដម ជា ចាន់តូ បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ដាំដើមឈើ ថែរក្សាការពារព្រៃព្រឹក្សា សត្វព្រៃបន្ថែមទៀត ដើម្បីបង្កលក្ខណៈឲ្យកើតកូន កើតចៅ សម្បូរសប្បាយកើនឡើង ពិសេស រួមគ្នាដាំដើមឈើនៅតាមទីវត្តអារាមនានាឲ្យក្លាយទៅជាទីមនោរម្យ សក្តិសមជាទីដ្ឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជន ហើយការចូលរួមដាំដើមឈើនាពេលនេះក៏បានបង្ហាញរួមសាមគ្គី និងការផ្សាភ្ជាប់កាន់តែជិតស្និតរវាងយុវជនធនាគារជាតិនៃកម្ពុជា ដែលជារៀមច្បងជាមួយនឹងយុវជននៃវិទ្យាល័យតាំងក្រសាំងផងដែរ។
តាមការបញ្ជាក់ពីលោកអភិបាលស្រុក បានឲ្យដឹងថា កូនឈើដែលនាំយកមកដាំពេលនេះ មានចំនួន ៤០០ដើម ជាប្រភេទកូនឈើធ្នង់ កូនឈើទាល កូនឈើក្រញ៉ូង និងកូនឈើគគីរ ៕
អត្ថបទ៖ វណ្ណលុក,
រូបភាព៖ វ៉េង លីមហួត