Skip to content
តារាវ័យក្មេងលេចធ្លោបំផុត៥រូបដែលអ្នកមិនអាចរំលងបាននៅ Euro 2020
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

តារាវ័យក្មេងលេចធ្លោបំផុត៥រូបដែលអ្នកមិនអាចរំលងបាននៅ Euro 2020

ទោះ​បី​លើក​ពេល​១​ឆ្នាំ​​មក​ធ្វើ​ក្នុង​ឆ្នាំ​២០២១​មែន​ក្ដី ប៉ុន្តែ Euro 2020 នៅ​តែ​រក្សា​ឈ្មោះ​ដដែល​។ ខណៈ​ព្រឹត្តិការណ៍​បាល់ទាត់​ជម្រើស​ជាតិ​ធំបំផុត​របស់​អឹរ៉ុប​មួយ​នេះ​នឹង​​ចាប់​ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​ទី​១១​ខែ​មិថុនា ក្ដី​រំភើប​បាន​​និង​កំពុង​កើត​ឡើង​បណ្ដើរ​ៗ​ហើយ​ជុំ​វិញ​​ពាន​រង្វាន់​មួយ​នេះ​។

កីឡាករ​បាល់ទាត់​ដែល​កំពុង​មាន​គុណផល​​ល្អ​ៗ​បំផុត​​ត្រូវបាន​បញ្ចូ​ល​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​នៃ​ក្រុម​ទាំង​២៤​ដែល​ជាប់​មក​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​។ ក្នុង​ចំណោម​​កីឡាករទាំង​នោះ មាន​តារា​វ័​យ​ក្មេង​ជា​ច្រើន​នាក់​ផង​ដែរ​។ ប៉ុន្តែ​នៅ​ពេលនេះ​ AMS Sports សូម​បង្ហាញ​ជូន​កីឡាករ​វ័យ​ក្មេងលេច​ធ្លោ​ជា​ង​គេ​៥​រូប​ដែល​លោក​អ្នក​គួរ​តាម​ដាន​ក្នុង​ព្រឹត្តិការណ៍ Euro 2020។

-​ខ្សែ​បម្រើ​កណ្ដាល​​​អេស្ប៉ាញ​វ័យ​១៨​ឆ្នាំ Pedri

Pedri ទើប​តែ​​ចូល​លេង​ក្នុង​ក្រុមធំ Barcelona ក្នុង​រដូវកាល​២០២០-២១​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក Ronald Koeman អតីត​យុវជន Las Palmas រូបនេះ​ទទួល​បាន​ឱកាស​ចូលលេង​យ៉ាង​ទៀងទាត់​​។ គេ​​ត្រូវ​បាន​ប្រៀបធៀប​ថា​មាន​របៀប​លេង​លំនាំ Andres Iniesta តាម​រយៈ​ចក្ខុវិស័យ​ដ៏​មិន​គួរ​ឱ្យ​ជឿ​និង​ការ​ចេះ​មើល​ស្ថានភាព​​ទុក​មុន​យ៉ាង​ពិសេស​របស់​គេ​នៅ​លើ​ទីលាន​។

-​ខ្សែ​បម្រើ​កណ្ដាល​​អង់គ្លេស​វ័យ​១៧ឆ្នាំ Jude Bellingham

កីឡាករ​វ័យ​ក្មេង​រូបនេះមាន​រដូវកាល​ដ៏​លេច​ធ្លោ​នៅ Bundesliga ក្នុង​ឆ្នាំ​ដំ​បូង​របស់​គេ​ជាមួយ Borussia Dortmund ក្រោយ​ផ្ទេរ​ពី Birmingham City ក្នុង​ខែ​កក្កដា​ឆ្នាំ​២០២០​។ ថ្វី​បើ​អាយុ​នៅ​តិច​ណាស់​ក្ដី តែ​ទេពកោស្យ​របស់​គេ​មិន​ធម្មតា​ឡើយ ដូច​ដែល​គេ​បាន​បង្ហាញ​រួច​ជា​ស្រេច​ក្នុង​រដូវកាល​មុន​ រហូត​ជាប់​ជម្រើស​ជាតិ​ក្រុមធំ​អង់គ្លេស​​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​។ លោក Gareth Southgate ​បាន​ជម្រុះ​កីឡាករ​ដែល​មាន​បទ​ពិសោធ​មួយ​ចំនួន​ចេញពី​បញ្ជី​២៦​នាក់​ចុង​ក្រោយ តែ​មិន​ចោល​ឡើយ Bellingham សម្រាប់​ទៅលេង Euro ឆ្នាំ​នេះ​។ ខណៈមាន​ក្ដី​បារម្ភ​ជុំ​វិញ​បញ្ហា​កាយ​សម្បទា​(fitness)​របស់​ Jordan Henderson, Bellingham កំពុង​ស្ថិត​ក្នុងការ​ប្រជែង​ដណ្ដើម​កៅអី​១១​នាក់​ដំបូង​ក្នុង​ក្រុម​តោ​កំណាច​អង់គ្លេស​។ គេ​បាន​បង្ហាញ​គុណផល​ដ៏​ទាក់ភ្នែក​​អំឡុង​ពេល​អង់គ្លេស​ឈ្នះ​អូទ្រីស​១-០​ក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ ដែល​ជា​​ចូលលេង​ក្នុង​ក្រុម​ធំ​លើក​ទី​៣​របស់​តារា​វ័យ​ក្មេង​រូបនេះ​។

-ខ្សែ​ប្រយុទ្ធ​ស្លាប​អ៊ីតាលី​វ័យ​២៣​ឆ្នាំ​ Federico Chiesa

Chiesa ជាប់​ជម្រើស​ជាតិ​ក្រុមធំ​អ៊ីតាលី​តាំង​ពី​២០១៨ ​គឺ​តាំង​ពី​ពេល​គេ​មាន​វ័យ​២០​ឆ្នាំ​​​។ ប៉ុន្តែ​គេ​បាន​ផ្ដើម​លេង​ក្នុងក្រុមធំ Fiorentina ក្នុង​ក្របខណ្ឌ Serie A តាំង​ពី​អាយុ​១៨​ឆ្នាំ​។ ភាព​រីក​ចម្រើន​របស់​គេ​បាន​ទាក់​ចិត្ត Juventus ឱ្យ​យក​រូប​គេ​មក​រួម​ក្រុម​លើ​កិច្ចសន្យា​ខ្ចី​២​រដូវកាល អម​ដោយ​ជម្រើស​ទិញ​ផ្ដាច់​ក្នុង​តម្លៃ​ដែល​អាច​កើ​ន​ដល់​៥០លាន​អឺរ៉ូ​។ រដូវកាល​​២០២០-២១​ដែល​ជា​ឆ្នាំ​ដំបូង​នៃ​ការ​រួម​រស់​របស់ Chiesa នៅ​ក្លិប​សេះ​បង្កង់​ គេជា​កីឡាករលេច​ធ្លោ​ជាង​គេ​ម្នាក់​ក្នុង​រដូវ​កាល​មិន​សូវ​កាក់កប​របស់ Juventus​។ គេ​រក​បាន​១៣​គ្រាប់​និង​អាស៊ីស​ (assist) ១០​គ្រាប់​សម្រាប់​ក្រុមលោក Andre Pirlo​ ស្រប​ពេល​គេ​កសាង​ខ្លួន​ឯង​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ម្នាក់​ក្នុង​ទ្វីប​អឺរ៉ុប។ Chiesa ជា​សមាជិក​សំខាន់​ម្នាក់​ក្នុង​ក្រុម​អ៊ីតាលី​របស់​លោក Roberto Mancini ហើយ​គេ​នឹង​បន្ត​​រ៉ាប់រង​ការងារ​ធំ​ក្នុង​ក្រុម​ជា​បន្ត​ទៀត​ក្នុង Euro 2020 រដូវ​ក្ដៅ​នេះ​។

-ខ្សែ​បម្រើ​ហុល្លង់​វ័យ​១៩​​ឆ្នាំ Ryan Gravenberch

តាំងពី​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Ajax ដែល​បាន​ចូលលេង​ក្រុម​ធំ​ក្នុង​វ័យ​១៦​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៨​មក Ryan Gravenberch រីក​ចម្រើន​ឡើង​ៗ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ទាំង​សម្រាប់​ក្លិប​និង​ប្រទេស​របស់​គេ​។ Gravenberch លេង​បម្រើ​កណ្ដាល​ក៏​បាន ប៉ុន្តែ​តួ​នាទី​ស័ក្ដិសម​បំផុត​សម្រាប់​គេ​គឺ​​​តំណែង​លេខ​១០ (បម្រើ​ប្រយុទ្ធ)​។ គេ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​បាន​រួម​ចំណែកជួយ Ajax គ្រង​ជើងឯក Eredivisie រដូវកាល​មុន​។ កីឡាករ​ដែល​ដុះដាល​ចេញពី​ថ្នាល Ajax ផ្ទាល់​រូបនេះ​ជាប់​ជម្រើស​ជាតិ​ហុល្លង់​តាំង​ពី U16 ក្នុង​ឆ្នាំ​២០១៧ និង​លេង​​ច្រើន​កម្រិត​យុវជន​ជា​បន្តបន្ទាប់​​រហូត​ជាប់​ក្រុម​ធំ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​។ គេបាន​ចូលលេង​ក្នុង​ក្រុមធំ​ហុល្លង់​លើក​ដំបូង​ក្នុង​ខែ​មីនា​​ឆ្នាំ​២០២១ ក្នុង​វគ្គ​ជម្រុះ World Cup 2022 ទល់​នឹង តួកគី​។ មក​ទល់​ពេលនេះ គេ​លេង​ឱ្យ​ហុល្លង់​បាន​៥​លើក ស៊ុត​ចូល​១​គ្រាប់​។

-ខ្សែ​ប្រយុទ្ធ​ស្លាបឆេក​វ័យ​១៨​ឆ្នាំ Adam Hlozek

Adam Hlozek ផ្ដើម​លេង​បាល់ទាត់​អាជីព​​​ក្នុង​ក្រុមធំ​តាំង​ពី​អាយុ​១៦​ឆ្នាំ​៣​ខែ​និង​៦​ថ្ងៃ ដែល​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Sparta Prague ដែល​បាន​​ចូលលេង​លីគ​កំពូល​។ តែ​រដូវ​កាល​២០២០-២១​ជា​រដូវកាល​ដែល​គេ​រះឡើង​ខ្លាំង​ក្នុង​បាល់ទាត់​អឺរ៉ុប ដោយ​រក​បាន​១៥​គ្រាប់​ពីការ​ចូលលេង​១៩​លើក​ក្នុង Fortuna Liga​ ហើយ​ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹ​ង​ legend របស់​ឆេក​ដូច​ជា Tomas Rosicky និង Pavel Nedved។ ជា​កីឡាករ​ដែល​ជាប់​ជម្រើស​ជាតិ​យុវជន​ឆេក​តាំង​ពី​U15 Hlozek ​ផ្ដើម​ទទួល​បាន​ការ​កោះហៅ​ចូល​ក្រុម​ធំ​ជម្រើសជាតិ​លើក​ដំបូង​​ក្នុង​​ឆ្នាំ​២០២០ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ចូលលេង​ទល់​នឹង ស្លូវ៉ាគី ក្នុង​ពាន UEFA Nations League ថ្ងៃ​ទី​៤​កញ្ញា​ឆ្នាំ​មុន​។ មក​ទល់​ពេលនេះ​គេ​លេង​ឱ្យ​ឆេក​បាន​២​លើកហើយ​៕