Skip to content
វិសាខា លើកពានបាល់ទះ Special Volleyball Challenge រដូវកាលទី១
    ទំព័រដើម  »  កីឡាជាតិ

វិសាខា លើកពានបាល់ទះ Special Volleyball Challenge រដូវកាលទី១

សមាគមក្លិបបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 ក្រោយយកឈ្នះលើក្រុម PS Concrete ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅល្ងាចថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានប្រតិបត្តិគណៈកម្មការប្រកួតកីឡាបាល់ទះ Special Volleyball Challenge 2021 បានថ្លែងក្នុងពិធីបិទ ថាក្រោយបញ្ចប់ការប្រកួតដោយជោគជ័យគណៈកម្មការគ្រោងរៀបចំការប្រកួតនៅពេលក្រោយជាបន្តបន្ទាប់ទៀត។

«ការប្រកួតថានេះជាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះក្នុងសាល ទម្រង់បួនទល់នឹងបួន (4×4) ដែលបានទទួលគោលការណ៍ឯកភាពពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំជាផ្លូវការលើកដំបូង ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណង ដកស្រង់បទពិសោធន៍បច្ចេកទេសថ្មី ផ្តល់ឱកាសដល់កីឡាករបានបញ្ចេញសមត្ថភាព ដែលបានហ្វឹកហាត់កន្លងមក ដើម្បីស្វែងរកកីឡាករ មានទេពកោសល្យ ដោយសុក្រឹតភាព និងយុត្តិធម៌ ព្រមទាំងចូលរួមក្នុងការបំផុសឱ្យមានការចូលរួមពីមហាជន ដែលតែងតែចាប់អារម្មណ៍ និងគាំទ្រលើវិស័យកីឡាបាល់ទះកន្លងមក»។ តំណាងគណៈកម្មការបន្ថែម។

លោកបន្តថា៖«ថ្វីត្បិតតែព្រឹត្តិការណ៍ Special Volleyball Challenge 2021 ទើបតែរៀបចំជាលើកទី១ ប៉ុន្តែ ព្រឹត្តិការណ៍មួយនេះទទួលបានការចាប់អារម្មណ៍ និងមានដៃគូរសហការឧបត្ថម្ភគាំទ្រជាច្រើន។ ជាក់ស្តែង គណៈកម្មការបានធ្វើការរៀបចំផ្សព្វផ្សាយតាមរយៈផេកផ្លូវការ Special Volleyball Challenge, ដៃគូសហការផ្សព្វផ្សាយសារព័ត៌មានត្រយង និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ កាយវិការដ៏ប្រពៃនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ តាមរយៈការចូលរួមសហការគាំទ្រ លើវិស័យកីឡាឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត»។

ជាមួយគ្នានេះលោកបានថ្លែងអំណរគុណក្រុមទាំង១១ដែលបានចូលរួមប្រកួតប្រជែង ព្រមទាំងគោរពតាមវិធានសុខាភិបាលបានល្អ បើទោះជាការប្រកួតស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ យ៉ាងណាក្ដី។ លោកថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភកម្មវិធី និងអ្នកគាំទ្រ ដែលបានគាំទ្រការប្រកួតតាំងដើមរហូតដល់បញ្ចប់ព្រឹត្តិការណ៍ Special Volleyball Challenge 2021។

ម្ចាស់ជ័យលាភី Special Volleyball Challenge 2021 នេះមាន៖
-ជ័យលាភីលេខ១ បានទៅលើសមាគមកីឡាបាល់ទះវិសាខា
-ជ័យលាភី២ បានទៅលើក្រុមកីឡាបាល់ទះ PS CONCRETE
-ជ័យលាភី៣ បានទៅលើក្លិបបាល់ទះក្រសួងមហាផ្ទៃ
ចំណែកពានរង្វាន់ឯកត្តជនមាន៖

  • កីឡាករវាយប្រយុទ្ធល្អជាងគេ គឺកីឡាករ វឿន វាសនា មកពីសមាគមកីឡាបាល់ទះវិសាខា
  • កីឡាករវ៊រនាំងល្អជាងគេ គឺ កីឡាករ វឿន វាសនា មកពីសមាគមកីឡាបាល់ទះវិសាខា
  • កីឡាករលើកល្អជាងគេ គឺ កីឡាករ សួន ចាន់ណារ៉ូ មកពីសមាគមកីឡាបាល់ទះវិសាខា
  • កីឡាករវាយសេវាល្អជាងគេ គឺ កីឡាករ សឿន ហេង មកពីសមាគមកីឡាបាល់ទះវិសាខា
  • កីឡាករវាយសេវាល្អជាងគេ គឺ កីឡាករ ធី ម៉េងហួង មកពីក្លិបបាល់ទះក្រសួងមហាផ្ទៃ
  • កីឡាករឆ្នើម គឺ កីឡាករ វឿន វាសនា មកពីសមាគមកីឡាបាល់ទះវិសាខា
    -ក្រុមលេងដោយយុត្តិធម៌ គឺក្រុមអធិរាជប្រអប់

សូមបញ្ជាក់ថាពានរង្វាន់ Special Volleyball Challenge 2021 មានក្រុមចំនួន១១ចូលរួម ដោយបែងចែកជា២ពូលផ្សេងគ្នា ដោយចាប់ប្រកួតពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១៕