Skip to content
ខ្សែប្រយុទ្ធថ្មីតម្លៃឯតទគ្គកម្មរបស់ Nott. Forest ជាអតីតកីឡាករក្លិបជើងឯក UCL ដ៏ជោគជ័យមួយ
    ទំព័រដើម  »  កីឡាជាតិ

ខ្សែប្រយុទ្ធថ្មីតម្លៃឯតទគ្គកម្មរបស់ Nott. Forest ជាអតីតកីឡាករក្លិបជើងឯក UCL ដ៏ជោគជ័យមួយ

ក្លិប Nottingham Forest ដែលទើបឡើងមកក្របខណ្ឌ Premier League ជាថ្មីក្រោយបាត់មុខរយៈពេល២៣ឆ្នាំ បានទិញចូលខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ា Taiwo Awoniyi ពីក្លិប Union Berlin ក្នុងតម្លៃឯតទគ្គកម្មផ្ទាល់ខ្លួន ១៧លានផោន (២១លានដុល្លារ)។

Awoniyi រកបាន២០គ្រាប់ពីការចូលលេង៤៣ប្រកួតសម្រាប់ Union Berlin រដូវកាលមុន។ បើ​គិត​តែ​ក្នុង​ក្របខណ្ឌ Bundesliga ខ្សែ​ប្រយុទ្ធ​រូបនេះ​រក​បាន​១៥​គ្រាប់​ពី​៣១​ប្រកួត គឺជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ទី​៦​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់​ និង​បានជួយ Berlin​ បាន​លេខ​៥​ក្នុងលីគ ហើយ​ធានា​បាន​កៅអី Europa League ជា​លើក​ទី​១​តាំង​ពី​រដូវកាល​២០០១-០២​មក។

ថ្វី​បើ​លេចធ្លោ​នៅ​អាល្លឺម៉ង់ តែ​តាមពិត​ទៅ Awoniyi នេះ​ជា​អតីត​កីឡាករ​របស់ Liverpool។ គេ​បាន​ផ្ដើម​អាជីព​នៅ Liverpool ក្នុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​បញ្ចប់​ការ​បណ្ដុះបណ្ដាល​នៅ​ថ្នាល Imperial Soccer Academy។ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​កម្ពស់​១,៨៣ម៉ែត្រ​រូបនេះ​ពុំ​ដែល​បានលេង​ឱ្យ​ក្រុមហង្សក្រហម​ឡើយ ដោយ​ត្រូវ​បាន​បញ្ចេញ​ឱ្យក្លិប​ជា​ច្រើន​ខ្ចី​ជា​បន្ត​បន្ទាប់​។

Awoniyi បានលេង​ឱ្យ Frankfurt រដូវកាល​២០១៥-១៦, NEC រដូវកាល​២០១៦-១៧, Mouscron រដូវកាល​២០១៧-១៨, Gent រដូវកាល​២០១៨-១៩, Mainz 05 រដូវកាល២០១៩-២០ និង Union Berlin ខ្ចី​ក្នុង​រដូវកាល​២០២០-២១ មុន​ពេល​ទិញ​ផ្ដាច់​ពី Liverpool ឆ្នាំ​មុន​ក្នុង​តម្លៃ​ប្រហែល​៦,៥​លាន​ផោន​ (៨លាន​ដុល្លារ)។

បន្ទាប់ពី​ចុះ​កិច្ចសន្យា​៥​ឆ្នាំ​ជាមួយ Nottingham Forest ដែលជា​អតីត​ជើងឯក​ទ្វីបអឺរ៉ុប​២សម័យ​កាលពី​ចុង​ទសវត្សរ៍​១៩៧០ Awoniyi និយាយ​ថា​៖ «វាតែងតែជាក្ដី​ស្រមៃ​របស់​ខ្ញុំ​ក្នុងការ​លេង​ក្នុង​ក្របខណ្ឌ Premier League។ ក្រោយ​បាន​និយាយ​ជាមួយ​លោក​គ្រូ Steve Cooper អំពីមហិច្ឆតា​របស់​ក្លិប និង​តាម​រយៈ​ប្រវត្តិសាស្ត្រ​អស្ចារ្យ​របស់​ក្លិប Forest ជា​ក្លិប​ដែល​ខ្ញុំ​ចង់​ចូល​រួម»។

ចំណែក អ្នកចាត់ការ Forest លោក Steve Cooper បាននិយាយ​ថា Awoniyi ជា​កីឡាករ​ដែលក្លិប​លោក​បាន​តាមដាន​យ៉ាង​ដិតដល់​រយៈ​ពេល​ពីរបី​ខែ​ចុង​ក្រោយនេះ​។ មានក្លិបជាច្រើន​ក្នុង Premier League និងក្លិបនៅលីគ​ដទៃ​ក្នុង​ទ្វីប​អឺរ៉ុប​ចង់​បាន Awoniyi ហើយ​លោក​សប្បាយ​ចិត្ត​ណាស់​ដែលខ្សែ​ប្រយុទ្ធ​រូបនេះបាន​ជ្រើសយក Nottingham Forest។

Awoniyi ​បាន​ក្លាយជា​សមាជិក​ថ្មី​ទី​១​របស់ Nottingham Forest តាំងពី​ឈ្នះ​ការ​ដំឡើង​មក​លីគកំពូល​អង់គ្លេស​ជាថ្មី បន្ទាប់​ពី​បាន​ធ្លាក់​ចេញ​ក្នុង​ឆ្នាំ​១៩៩៩​។ ហើយ​ក្លិបនេះ​ក៏​បាន​ឈាន​ដល់​កា​រ​ព្រមព្រៀង​ជាមួយ Manchester United ដើម្បី​ខ្ចី​អ្នកចាំទីអង់គ្លេស Dean Henderson ១​រដូវកាល​។ ក្លិប​ដែល​ធ្លាប់​លើក​ពាន​លីគ​កំពូល​អង់គ្លេស​១​ដង, FA Cup ២ដង និង League Cup ៤​ដង ក៏កំពុង​ចរចា​ជាមួយ Mainz 05 ដើម្បី​ទិញ​ខ្សែការពារ​កណ្ដាល​បារាំង​វ័យ​២៦​ឆ្នាំ​ Moussa Niakhate ផង​ដែរ​៕

ប្រភព៖ BBC