Skip to content
វិសាខា លើកពានបាល់ទះ Special Volleyball League 2022
    ទំព័រដើម  »  កីឡាជាតិ

វិសាខា លើកពានបាល់ទះ Special Volleyball League 2022

សមាគមក្លិបបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់បាល់ទះ Special Volleyball League 2022 ក្រោយយកឈ្នះលើក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅរសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២​លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ក្នុងរាជធានីភ្នំពេញ  ។

ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ក្រុម​វិសាខា បាន​យក​ឈ្នះ​ក្រសួង​មហាផ្ទៃ ដោយ​លទ្ធផល ២​សិត​ទល់០ (២៥-២៣,២៨-២៦)។ ចំណែក​ចំណាត់​ថ្នាក់​លេខ៣វិញ បាន​ទៅ​ក្រុម​រដ្ឋបាលរាជធានី​ភ្នំពេញ ក្រោយ​ឈ្នះ​លើ​ក្រុម PS Concrete  ដោយ​លទ្ធផល​២​សិត​ទល់១ សិត (១៦-២៥,២៥-២២,១៥​-១១)។

ពានរង្វាន់​នេះ​​បាន​​កំណត់​ឱ្យ​​ក្រុម​ចូលរួមទាំង​ ​១៣ក្រុម ​ប្រកួត​គ្នា​វិលជុំ​១ជើង​សន្សំ​ពិន្ទុ​ ហើយ​ក្រុម​ដែល​មាន​​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​​ពី​លេខ១​ដល់​លេខ៤ ត្រូវ​ប្រកួត​ខ្វែង​គ្នា ក្នុងនោះ​ក្រុម​លេខ១ ត្រូច​ជួប​ក្រុម​លេខ៤ ហើយ​ក្រុម​លេខ២​ជួប​ក្រុម​លេខ៣ ដើម្បី​ដណ្តើម​កៅអី​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​​លក្ខណៈ​៤ទល់៤ ជា​លីគ​ដំបូង​គេ​បែប​នេះ មាន​១សិត​ចំនួន​២៥ពិន្ទុ ហើយ​​គូ​ភាគី​ណា​រក​បាន​២សិត​មុន​ជា​អ្នក​ឈ្នះ ប៉ុន្តែ​​ឈ្នះ​ម្នាក់​១​សិត នោះ​នឹង​ប្រកួត​សិត​ទី៣ ដើម្បី​កាត់​សេចក្ដី។

នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ចាត់ទុក​នេះ​ជា​សកម្មភាព​​មួយ​ជួយ​ជម្រុញ​មហាជន​ឱ្យ​គាំទ្រ​​ការ​ប្រកួត​ក្នុង​ស្រុក ហើយ​ជា​ផ្នែក​មួយ​ដែល​តម្រង់​ផ្លូវ​ឱ្យ​មាន​ការ​ប្រកួត​ស្តង់ដារ​ដែល​មិន​មាន​ចាប់​បោះ ឬ គ្រវី ដែល​ប្រាសចាក​ពី​ការ​ប្រកួត​បាល់ទះ។

ជាមួយ​គ្នា​ដែរ​ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​កោត​សរសើរ​​ដល់​ក្រុម​ទាំង​អស់​ដែល​បាន​ចូលរួម​ប្រកួត ធ្វើ​ឲ្យកីឡាករ​របស់​ខ្លួន​មាន​​ការ​វាស់ស្ទង់​សមត្ថភាព​​ បន្ថែម​ពី​លើ​ការ​ហ្វឹកហាត់​ជាប្រចាំ។ ឯកឧត្តម បាន​កោតសរសើរ និងថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការ មន្ត្រី អាជ្ញាកណ្ដាល ក្រុមការងាររៀបចំការប្រកួត បងប្អូនស្ម័គ្រចិត្តមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ប្រតិភូកីឡា កីឡាករគ្រប់ក្រុមទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការរៀបចំ និងចូលរួមយ៉ាងសកម្ម តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ព្រឹត្តិការណ៍។

«ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា វិស័យកីឡាបាល់ទះនៅកម្ពុជា នឹងកាន់តែរីកចម្រើនល្បីល្បាញថែមទៀតនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈការរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតនានា ចាប់តាំងពីថ្នាក់ស្រុក ក្រុង ខណ្ឌ ខេត្ត រាជធានី និងថ្នាក់ជាតិ»។ ឯកឧត្តម​អនុ​ប្រធាន​សហព័ន្ធ​បន្ថែម។  ​

ពានរង្វាន់ Special Volleyball League 2022 ចាប់​ដំណើរការ​ប្រកួត​តាំង​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា មក​ម៉្លេះ​​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ខណៈ​ក្រុម​ចូលរួម​ទាំង​១៣​មាន​៖១​.កងពលតូច​អន្តរាគមន៍​លេខ៩ ២.ក្រុម​បាល់ទះ​ Vong Plus ៣.ក្លិប​បាល់ទះ​យុវជន​ស្រុក​ល្វាឯម ៤.សមាគម​កីឡា​បាល់ទះ​វិសាខា ៥.ក្លិប​កីឡា​បាល់ទះ​ខេត្ត​កំពង់ស្ពឺ ៦.ក្រុម​កីឡា​បាល់ទះ Sport KPC ៧.​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ៨.កងពលធំ​អន្តរាគមន៍​លេខ៣ ៩.ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ១០.​នាយកដ្ឋាន​លិខិត​ឆ្លងដែន ១១.​ក្រសួង​មហាផ្ទៃ ១២.រដ្ឋបាល​រាជធានី​ភ្នំពេញ និង​១២ ក្រុម​បាល់ទះ P.S Concrete។

ក្នុង​នាម​ជា​​​ម្ចាស់​ជើង​ឯក​ពានរង្វាន់ Special Volleyball League 2022 សមាគម​បាល់ទះ​វិសាខា ទទួល​បាន​​ពាន១ មេដាយ​មាស​ម្នាក់១ និង​ថវិការ​២០លាន​រៀល ហើយ​ក្រុម​ជើង​ឯក​រង​ក្រសួង​មហាផ្ទៃ​ ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​​៨លាន​រៀល។ សម្រាប់​ក្រុម​​​ជយលាភី ​​ចំណាត់​ថ្នាក់​លេខ​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ​ម្នាក់១ អម​ដោយ​ថវិកា៤លាន​​រៀល។

ជាមួយ​គ្នា​នោះ​ដែរ​ក៏​មាន​ការ​ដាក់​ពិន្ទុ​​ប្រគល់​ពាន​ឯកត្តជន​ជូន​ដល់​កីឡាករ​ឆ្នើម​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​គឺ​ គួន មុំ មក​ពី​សមាគម​បាល់ទះ​​វិសាខា,​កីឡាករ​វាយវាយ​ប្រយុទ្ធ​ល្អ​ជាង​គេ បាន​ទៅ គួន មុំ មក​ពី​សមាគម​បាល់ទះ​វិសាខា កីឡាករ​លើក​បាល់​បាន​ល្អ​ជាង​គេ បាន​ទៅ​កីឡាករ សួន ចាន់ណារ៉ូ មក​ពី​សមាគម​បាល់ទះ​វិសាខា, កីឡាករ​វាយ​សេវា​ល្អ​ជាង​គេ បាន​ទៅ ឌី លីដា មក​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ, កីឡាករ​ធ្វើ​រនាំង​ល្អ​ជាង​គេ បាន​ទៅ​ ផុល រតនៈ របស់ក្រុម PS Concrete និង​ក្រុម​ដែល​ប្រកួត​យុត្តិធម៌​​ល្អ​ជាង​គេ បាន​ទៅ​ក្រុម​ក្រសួង​មហាផ្ទៃ។ ម្ចាស់​ពានរង្វាន់​ឯកត្តជន​នេះ​ទទួល​បាន​​ពាន​តូច​ម្នាក់១​និង​ថវិកា​៨សែន​រៀល៕