Skip to content
តើ Ajax អាចកសាងក្រុមឱ្យត្រដែត​ឡើងវិញបានទេ ក្រោយការចាកចេញរបស់កីឡាករល្អៗជាច្រើនរួមទាំងគ្រូឆ្នើម Ten Hag?
    ទំព័រដើម  »  កីឡាជាតិ

តើ Ajax អាចកសាងក្រុមឱ្យត្រដែត​ឡើងវិញបានទេ ក្រោយការចាកចេញរបស់កីឡាករល្អៗជាច្រើនរួមទាំងគ្រូឆ្នើម Ten Hag?

បួនប្រាំឆ្នាំចុងក្រោយនេះ កីឡាករល្អៗជាច្រើនបានចាកចេញពី Ajax ជាបន្តបន្ទាប់ រាប់​ចាប់ពី Frenkie de Jong, Matthijs de Ligt, Kasper Dolberg, Hakim Ziyech, Donny van de Beek និងកីឡាករល្អៗ​ជាច្រើននាក់​ផ្សេងទៀតដែលបានចាកចេញទៅចូលរួមក្លិបធំៗនិង​លុយ​ធំៗ​។

ថ្មីៗចុងក្រោយនេះ Lisandro Martinez, Antony និងអ្នកចាត់ការដ៏ជោគជ័យឈ្នះជើងឯកលីគ៣ដង Erik Ten Hag ក៏បានចាកចេញ ដើម្បីទៅចូលរួម Manchester United ស្រប​ពេល Ryan Gravenberch និង​ Nouussair Mazraoui បាន​ចេញទៅ​ចូល​រួម Bayern Munich ក្នុងរដូវក្ដៅ២០២២នេះ។

អ្នកគាំទ្រ Ajax ជា​ច្រើន​មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះ​ការ​ផ្ដោត​ដ៏​ខ្លាំង​របស់​​ក្លិប​នេះលើ​​ផ្នែកហិរញ្ញវត្ថុ​។

លោក Finley Crebolder អ្នកសារព័ត៌មានបាល់ទាត់ជាន់ខ្ពស់​​នៅស្ថាប័ន Get Belguim & Dutch Football News បាននិយាយ​ប្រាប់​សារព័ត៌មាន BBC ថានៅ​ក្នុង​គំនិត​របស់ Ajax, Ajax គិត​ថា​ពួក​គេ​រក​ចំណូល​បាន​យ៉ាង​ច្រើន​រួច​ទៅហើយ​ពី​ការ​លក់​កីឡាករ​ក្នុង​រដូវ​ក្ដៅនេះ ដូច្នេះ​ពួក​គេ​មិន​ចង់​ឱ្យ Antony ចាកចេញទេ​។ ពួក​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ពួក​គេ​ស្ទាក់ស្ទើរ​​​យ៉ាង​ណា​ចំពោះ​ការ​អនុញ្ញាត​ឱ្យ Antony ចាកចេញ​។ តែទោះ​បីយ៉ាង​ណា ពួកគេ​បាន​ឃាត់​ជាប់ Edson Alvarez មិន​ឱ្យ​ទៅ​ចូល​រួម Chelsea​។ ពួក​គេ​កំពុង​ព្យាយាម​ផ្លាស់ប្ដូរកេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ក្នុង​នាម​ជា​ក្លិប​ដែល​លក់​កីឡាករ ចេញ​។

Ajax បច្ចុប្បន្ន​កំពុង​បង្វឹក​ដោយលោក​គ្រូ Alfred Schreuder ជនជាតិ​ហុល្លង់ វ័យ​៤៩​ឆ្នាំ ដែល​ជា​អតីត​ជំនួយការ​របស់​លោក Julian Nagelsmann នៅ Hoffenheim, ជំនួយការលោក Ronald Koeman នៅ Barcelona, ជំនួយការ​លោក Ten Hag នៅ Ajax ផ្ទាល់។ ហើយ​គ្រូ​កាន់​សញ្ញាបត្រ Pro License រូប​នេះ​បាន​ឈ្នះ​ជើងឯកលីគ​កំពូល​បែលហ្ស៊ិក​ជាមួយ Club Brugge ក្នុង​ឆ្នាំ​២០២២ មុន​វិល​មក​ Ajax ក្នុង​តំណែង​គ្រូធំ​លើ​កិច្ចសន្យា​២​ឆ្នាំ​។

ពិតណាស់​ថា ក្រុមប្រឹក្សាភិបាលក្លិប Ajax ​ដែល​ដឹកនាំដោយ​អតីត​កំពូល​អ្នកចាំទី Edwin van der Sar រក​ចំណូល​បាន​យ៉ាង​ច្រើន​ពីការ​លក់​កីឡាករ​ក្នុង​រដូវ​ក្ដៅនេះ ប៉ុន្តែ​ក្លិបនេះ​ក៏​ចាយ​ច្រើន​គួរ​សមដែរ​។លុយ​រាប់​សិប​លាន​អឺរ៉ូ​ត្រូវ​បាន​ផ្ដល់​ជូន​លោក​គ្រូបង្គោល​ថ្មី Schreuder ក្នុងការចំណាយ​ដើម្បី​​កសាង​ក្រុម​ Ajax ឡើង​វិញ​។

ខ្សែការពារ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា Calvin Bassey ដែលជា​អតីត​យុវជន Leicester City ​អាច​លេង​ស្ដាំ​បាន​និង​កណ្ដាល​បាន ត្រូវ​បាន​នាំ​យក​មក​ពី Rangers ក្នុង​តម្លៃ​២០​លានផោន​។ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ហុល្លង់ Brian Brobbey ​វ័យ​២០​ឆ្នាំ​​ដែល​ជា​អតីត​យុវជន​របស់​ខ្លួន​ឯង​ផ្ទាល់ ត្រូវ​បាន Ajax ទិញ​ត្រលប់​មក​វិញ​ពី RB Leipzig​ ក្នុង​តម្លៃ​ដែល​អាច​កើន​ដល់ជិត​២០​លាន​អឺរ៉ូ​។ ខ្សែការពារ​ស្លាប​ស្ដាំ​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​វ័យ​២៤​ឆ្នាំ Jorge Sanchez ក៏​បាន​ផ្ទេរ​មក​ពី Club America មក​ចូល​រួមក្លិប​ហុល្លង់​មួយ​នេះ​ផង​ដែរ​។ ប៉ុន្តែកីឡាករចំណូលថ្មីដែលមានទម្ងន់ជាងគេប្រហែលជា Steven Bergwijn ដែលផ្ទេរមកពី Spurs ក្នុងតម្លៃ​៣១,២៥​លាន​អឺរ៉ូ​។ ខ្សែប្រយុទ្ធស្លាបជម្រើសជាតិហុល្លង់រូបនេះរកបាន៦គ្រាប់ពី៥ប្រកួតសម្រាប់ Ajax។

Ajax បាន​បើក​វាំង​នន​រដូវកាល​ថ្មី​ដោយប​រាជ័យ​៣-៥​ក្រោម​ថ្វី​ជើង PSV Eindhoven ក្នុង​ពាន Dutch Super Cup តែ​បន្ទាប់​មក​បាន​ឈ្នះ​៥​លើកជាប់​គ្នា​វិញក្នុង​លីគ។

លោក Crebolder និយាយ​ថា Ajax បច្ចុប្បន្ន​ពិតជា​​ខ្សោយ​ជាងមុន។ កីឡាករ​បាន​ចាកចេញច្រើន ហើយ​អ្នក​ដែល​ពិបាក​ជំនួស​បំផុត​គឺ​ខ្សែការពារ​ស្លាបស្ដាំ Mazraoui។ អ្នកសារព័ត៌មានដដែលនេះ​គិត​ថា​ការ​បាត់បង់ Antony មិន​មែន​ជា​ការ​បាត់បង់ធំ​ទេ ព្រោះ​ Bergwijn អា​ច​ប៉ះប៉ូវ​សង​បាន​។

ប្រាកដ​ណាស់ ​ក្រុម Ajax ថ្មីទើប​តែ​ចាប់​ផ្ដើម​រដូវកាល​ថ្មី​​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ប៉ុន្តែ​មាន​សុទិដ្ឋិនិយម​នៅ​ជុំ​វិញ​ក្រុម​ដែល​កំពុង​កសាង​ឡើង​វិញ​ដោយ​លោក Schreuder​។

នៅទីបំផុតទៅ នេះ​គឺ​ជា Ajax។ philosophy របស់​ក្លិបនេះ​បាន​ចាក់​ឫសជ្រៅនៅទីនេះ គឺ​ភាព​អត់ធ្មត់, ការ​​គ្រប់គ្រង​បាល់ និង​ទំនុក​ចិត្ត​​ក្នុង​ការ​លេង​តាម​របៀប​ផ្ទាល់​ខ្លួន​។ លោក Schreuder ដឹង​ពី​ការទាមទារ​និង​ទំនួល​ខុសត្រូវ​នៅក្លិបនេះ​។

ក្នុង​លីគ​កំពូល​ហុល្លង់​រដូវកាល​ថ្មី​៥​ប្រកួត​ដំបូងនេះ Ajax បាន​បំពេញ​ការ​បញ្ជូន​ប្រទាក់ក្រឡា១០​ប៉ះជោគជ័យ​ច្រើនដង​ជាង​គេ​(៨៣​ដង), មាន​ភាគរយ​គ្រប់គ្រង​បាល់​គិត​ជា​មធ្យម​ខ្ពស់​ជាង​គេ​​(៦៩%)។ ខាងការពារ​វិញ Ajax រង​ការ​ស៊ុត​ច្រើន​ដង​ជាង​គេ​(៣៥​លើក) តែ​របូតត្រឹម​៣​គ្រាប់​ប៉ុណ្ណោះ​។

ក្រុម​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កសាង​ឡើងវិញ ហើយ​គិត​ត្រឹម​ពេលនេះ​វា​លឿន​ពេក​ក្នុង​ការ​វាយ​តម្លៃ​ថា​តើ​ពួក​គេ​អាច​រក្សា​ភាព​ត្រចះត្រចង់​របស់​ក្លិប​បាន​ឬអត់​។ លោក Schreuder លើក​ឡើង​ថា​លោក​មាន​ក្រុម​ល្អ​មួយ​ដែលមានភាព​ប្រកួត​ប្រជែង ទោះបីមាន​ការ​ផ្លាស់ប្ដូរ​កីឡាករ​ច្រើន​ក៏​ដោយ។ វា​ទាមទារ​ពេល​បន្តិច​ក្នុងការ​ធ្វើ​ឱ្យពួក​គេ​យល់​ពី​ប្រព័ន្ធ​លេងដែលលោក​ចង់​បាន​។ លោក​គិត​ថា​ក្រុម​ថ្មី​នេះ​ល្អ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​រដូវកាល​ល្អ​មួយ​៕