Skip to content
រឿងតែមួយគត់ដែល Messi ត្រូវសម្រេចឱ្យបានដើម្បីឱ្យក្លាយជាកីឡាករល្អបំផុតលើលោក
    ទំព័រដើម  »  កីឡាជាតិ

រឿងតែមួយគត់ដែល Messi ត្រូវសម្រេចឱ្យបានដើម្បីឱ្យក្លាយជាកីឡាករល្អបំផុតលើលោក

អតីតអ្នកចាត់ការរបស់​ Paris Saint-Germain​ លោក Mauricio Pochettino និយាយថា ខ្សែប្រយុទ្ធ Lionel Messi ត្រូវការឈ្នះពានរង្វាន់ FIFA World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីបញ្ជាក់ថា គេជាកីឡាករល្អបំផុតនៅលើលោក។

 Messi ឈ្នះជើងឯកលីគ១១លើក និង UEFA Champions League ៤លើក នៅក្នុងអាជីពដ៏អស្ចារ្យរបស់ខ្លួនសម្រាប់ក្លិបដែលគេបានលេងឱ្យ។

ទោះយ៉ាងណាក្ដី ម្ចាស់ពាន Ballon d’or ៧សម័យរូបនេះ មិនទាន់មានឱកាសកាន់ពានធំបំផុត World Cup សម្រាប់ក្រុមអាហ្សង់ទីននៅឡើយទេ ដោយមានឱកាសឈានដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្ដែបរាជ័យក្រោមថ្វីជើងអាល្លឺម៉ង់ ក្នុងឆ្នាំ២០១៤ និង ជើងឯករង Copa America ៣លើកជាប់គ្នា។

ប៉ុន្ដែទីបំផុត Messi អាចឈ្នះពានរង្វាន់លើកដំបូងរបស់ខ្លួនសម្រាប់ក្រុមអាហ្សង់ទីនគឺ Copa America 2021 និង Finalissima ខណៈលោក Pochettino យល់ឃើញថា ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះ ត្រូវការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីបញ្ជាក់ថា គេជាកីឡាករល្អបំផុតនៅលើលោក។

លោក Poch បានថ្លែងប្រាប់ The Athletic ថា៖ “ដើម្បីធ្វើដូចជា Maradona ឬ Pele, អ្នកត្រូវតែបញ្ជាក់ជាមួយពានរង្វាន់។ នៅពេលដែលអ្នកលើកពាន គេនឹងនិយាយថា «គេជាកីឡាករល្អបំផុតនៅលើលោក»”។

“វាជារបស់ម្យ៉ាងដែល Messi មិនទាន់មាន គឺជាការលើកពាន World Cup ហើយខ្ញុំសង្ឃឹមថា វាអាចនឹងកើតឡើងនៅក្នុងប្រទេសកាតារ”។

“ព្រោះខ្ញុំជាជនជាតិអាហ្សង់ទីន ហើយជាការពិតគោលបំណងរបស់ខ្ញុំគឺ ចង់ឱ្យអាហ្សង់ទីនឈ្នះ World Cup, ហើយដើម្បីបញ្ជាក់ថា Messi គឺម្នាក់នៅក្នុងចំណោមកីឡាករល្អបំផុត នៅក្នុងកន្លែងជាមួយ Maradona និង Pele”៕