Skip to content
ឯកឧត្តម វ៉ាត់ ចំរើន៖ នៅ​ក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជាសរសៃឈាមរបស់ហ្គេម
    ទំព័រដើម  »  កីឡាជាតិ

ឯកឧត្តម វ៉ាត់ ចំរើន៖ នៅ​ក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជាសរសៃឈាមរបស់ហ្គេម

គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានរៀបចំវគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ច នៅទីស្ដីការក្រសួងការពារជាតិ ដោយមានអ្នកស្ម័គ្រចិត្តសរុបប្រមាណ៥០០នាក់ចូលរួម ហើយ​វាគ្មិនសំខាន់ៗ ក្នុង​វគ្គបណ្តុះបណ្តាលនេះ រួម​មាន​ឯកឧត្តម ផាត វិបុលសុភ័ក្ត្រ អនុប្រធានគណៈកម្មការពិធីការ ឯកឧត្តម ផន យិនយូរ៉ា អនុប្រធានពិធីការ និង​កញ្ញា តៃ លីដា អនុប្រធានប្រចាំការពិធីការ​របស់ CAMSOC។

នៅក្នុង​ពិធីបើក​វគ្គបណ្តុះបណ្តាល កាលពី​ថ្ងៃទី​២២ ខែមេសា ម្សិលិមិញ​នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានមានប្រសាសន៍ថា អ្នកស្ម័គ្រចិត្ត ជាពិធីការ ពិធីការិនី មានកាតព្វកិច្ច និងភារកិច្ច ២យ៉ាង គឺទី១ អ្វីដែលត្រូវធ្វើ និង​ទី២ អ្វីដែលយើងកុំធ្វើ គឺ​ដូច៣កុំ៣ការពារអ៊ីចឹងដែរ ដែល​​ជាទូទៅយើងត្រូវអនុវត្តគោលការណ៍នេះ ហេតុនេះ​អ្វីដែលមិនច្បាស់លាស់ និងធ្វើទៅឆ្គង យើងកុំធ្វើ ហើយអ្វីដែលយើងអាចធ្វើបាន តាមតួនាទីភារកិច្ចយើង គឺធ្វើចេញពីបេះដូង ធ្វើដោយស្នាមញញឹម ធ្វើដោយមានការទទួល​ខុស​ត្រូវ ទើបភ្ញៀវមានភាពកក់ក្តៅ និង​ទទួលបាននូវការទុកចិត្តដល់សេវាបម្រើ​របស់យើង ដែលកើតចេញពីខ្លួនយើង ដោយជំនឿចិត្ត។  ឯកឧត្តម អគ្គលេខាធិការ បាន​ថ្លែង​បន្ថែម​ថា៖ «នៅ​ក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្ត ជា DNA Of The Games គឺជាសរសៃឈាមរបស់ហ្គេម។ បើអ្នកស្ម័គ្រចិត្តអត់ធ្វើការ ហ្គេមនិងគាំង ដូច្នេះស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជាការលើកគុណតម្លៃព្រឹត្តិការណ៍ឱ្យ​ដំណើរការទៅមុខ តាមរយៈ​អ្នកស្ម័គ្រចិត្តជាង៦០០០នាក់ បូក​រួមទាំង​អ្នកធ្វើការតាមសហព័ន្ធកីឡា​ជាតិសរុបជិត១ម៉ឺននាក់ គឺកន្លែងណាក៏មានអ្នកស្ម័គ្រចិត្តយើងទៅដល់ ហើយ​នេះជាកត្តាសំខាន់»។