Skip to content
ភ្នាក់ងារថា Zlatan Ibrahimovic អាចលេងបាល់ទាត់បានដល់អាយុ៥០ឆ្នាំ
    ទំព័រដើម  »  កីឡាអន្តរជាតិ

ភ្នាក់ងារថា Zlatan Ibrahimovic អាចលេងបាល់ទាត់បានដល់អាយុ៥០ឆ្នាំ

Zlatan Ibrahimovic អាចលេងបាល់ទាត់រហូតដល់អាយុ៥០ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោក Mino Raiola ដែលជាភ្នាក់ងារ (Agent) របស់ខ្សែប្រយុទ្ធ AC Milan វ័យ៣៩ឆ្នាំរូបនេះ។

បន្ថែមលើនេះ ភ្នាក់ងារដ៏មានឥទ្ធិពលខាងលើនិយាយថា Zlatan នឹងលេងទាល់តែប្រង់ការចូលមកសែងចេញក្រៅទីលាន មុនពេលរូបគេស្ម័គ្រចិត្តចូលនិវត្តន៍ដោយខ្លួនឯង។

អតីតសមាជិក Malmo, Ajax, Juventus, Inter Milan, Barcelona, PSG, Manchester United និង LA Galaxy ខាងលើ រកបាន១០គ្រាប់ពីការចូលលេង Serie A ៦លើកក្នុងរដូវកាលថ្មីនេះ ដោយចុងក្រោយបង្អស់ ស៊ុតចូល២គ្រាប់ម្នាក់ឯង ជួយ AC Milan ឈ្នះ៣-១នៅផ្ទះ Napoli យប់ថ្ងៃអាទិត្យទី២៣ខែវិច្ឆិកាឆ្នាំ២០២០។

Zlatan ពេលនេះកំពុងឈរកំពូលតារាង Top Scorer ច្រើនជាង Cristiano Ronaldo ២គ្រាប់និងច្រើនជាង Lukaku ៣គ្រាប់។

លោក Raiola ត្រូវបានស្រង់សម្ដីតាមសារព័ត៌មានហុល្លង់ volkskrant ថា៖ «គាត់នឹងលេងបាល់ទាត់រហូតដល់ពេលគេត្រូវសែងគាត់ចេញតាមប្រង់ការ។ គាត់អាចបន្តលេងរហូតដល់ឈានចូលវ័យ៥០ឆ្នាំ ប៉ុន្តែតែក្នុងករណីគាត់លេងក្នុងកម្រិតខ្ពស់ទៀតប៉ុណ្ណោះទើបគាត់បន្តលេងទៀត។ គាត់បានប្រស់ AC Milan ឱ្យខ្លាំងឡើងវិញ ដែលភាពខ្លាំងវិញនេះបានមកដោយសារគាត់ម្នាក់ឯងដល់ទៅ៩០%»។

គិតមកទល់ពេលនេះ Zlatan បានលេងការប្រកួតអាជីពសម្រាប់ក្លិបសរុប៨១៨លើក រកបាន៤៩៦គ្រាប់សម្រាប់ និង១១៦ប្រកួតសម្រាប់ជម្រើសជាតិស៊ុយអែត ហើយរកបាន៦២គ្រាប់ ប៉ុន្តែលោកនៅតែមានឆន្ទៈខ្ពស់ដដែលក្នុងការប្រកួត៕