Skip to content
ទោះបីតាមស្មើក្រុមខ្លាំងអូស្រ្ដាលីតែ ជើងឯកលីគថៃធ្លាក់ ពី ACL ទាំងនៅសល់មួយប្រកួតទៀត
    ទំព័រដើម  »  កីឡាអន្តរជាតិ

ទោះបីតាមស្មើក្រុមខ្លាំងអូស្រ្ដាលីតែ ជើងឯកលីគថៃធ្លាក់ ពី ACL ទាំងនៅសល់មួយប្រកួតទៀត

Chiangrai United បានធ្លាក់ពីការប្រកួត AFC Champions League ត្រឹមវគ្គចែកពូល បើទោះបីជាពួកគេអាចមានឱកាសតាមស្មើ Melbourne Victory ដោយលទ្ធផល ២-២ ក្នុងការប្រកួតកាលពីយប់ថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ក៏ដោយ។

Melbourne Victory រកបានគ្រាប់បាល់នាំមុខ ២គ្រាប់នៅក្នុងវគ្គទី១ ដោយការស៊ុតប៉េណាល់ទីរបស់កីឡាករ Jake Brimmer នៅនាទីទី៨ និងមួយគ្រាប់ទៀត នៅនាទីទី២៧ដោយ Ben Folami។

ប៉ុន្ដែត្រូវបានក្រុមជើងឯកលីគថៃវាយបកមួយគ្រាប់វិញ ដោយខ្សែបម្រើលេខ១០ Siwakorn Tiatrakul ក្រោយចាប់ផ្ដើមវគ្គទី២ បាន២នាទី។ ក្រុម Chiangrai បន្ដគ្រប់គ្រងការប្រកួត ហើយពួកគេបានបើកការវាយសម្រុក និងរកគ្រាប់បាល់តាមស្មើដោយ ខ្សែបម្រើ Gionata Verzura។

សម្រាប់លទ្ធផលនេះ បានបង្ហាញថា Chiangrai ត្រូវធ្លាក់ពីការប្រកួត ACL ខណៈ Melbourne Victory ត្រូវការជ័យជម្នះជាចាំបាច់ ក្នុងការប្រកួតទល់នឹង Soeul FC ដើម្បីអាចមានឱកាស ទទួលបានកៅអីមួយដែលនៅសល់នៅវគ្គ១៦ក្រុមចុងក្រោយ។

ដ្បិតមិនបានឡើងទៅវគ្គ១/៨ផ្ដាច់ព្រ័ត្រ ប៉ុន្ដែ Chiangrai អាចសម្រេចបានលទ្ធផលល្អបំផុតមួយនៅក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ សម្រាប់ការចូលរួមលើកដំបូងនៅក្នុងការប្រកួត ACL ដោយអាចយកឈ្នះក្រុមជើងខ្លាំងកូរ៉េខាងត្បូង FC Seoul ២-១ ហើយអាចតាមស្មើ Melbourne Victory ដែលជាក្រុមខ្លាំងមួយនៅអាស៊ី ដោយលទ្ធផល ២-២។

នៅក្នុងជំនួបចុងក្រោយនៃវគ្គចែកពូល ប្រសិនបើ Chiangrai អាចយកឈ្នះ Beijing Guoan ក៏ដោយ ប៉ុន្ដែលទ្ធផលបរាជ័យ head-to-head ទល់នឹងក្រុម FC Seuol (ជើងទី១ Chiangrai ចាញ់ ៥-០, ជើងទី២ Chiangrai ឈ្នះ ២-១) និង Melbourne Victory(ជើងទី១ Chiangrai ចាញ់ ១-០ ជើងទី២ស្មើគ្នា ២-២) ទើបពួកគេអស់ឱកាសត្រឹមនេះ។

Vissel Kobe, Ulsan Hyundai និង Beijing Guoan បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃភូមិភាគបូព៌ា ខណៈនៅភូមិភាគបស្ចិមបានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្ររួចទៅហើយគឺក្រុមអ៊ីរ៉ង់ Persepolis៕