Skip to content
FIFA ​ដាក់​ឱ្យ​ដំណើរការ​​«កម្មវិធីសុចរិតភាពសកល»​​​ដើម្បី​ពង្រឹង​ការប្រឆាំងនឹងការលក់ការប្រកួត
    ទំព័រដើម  »  កីឡាជាតិ

FIFA ​ដាក់​ឱ្យ​ដំណើរការ​​«កម្មវិធីសុចរិតភាពសកល»​​​ដើម្បី​ពង្រឹង​ការប្រឆាំងនឹងការលក់ការប្រកួត

សហព័ន្ធ​កីឡា​បាល់ទាត់​​ពិភពលោក (FIFA) សហការ​ជាមួយ​ការិយាល័យ​អង្គការ​សហប្រជាជាតិស្ដី​ពីគ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម (UNODC) បាន​​ដាក់​ឱ្យ​ដំណើរ​ការ​​«កម្មវិធីសុចរិតភាពសកល» ចុង​សប្ដាហ៍​មុន​។

នេះ​​​ជា​កម្មវិធី​​អន្តរជាតិ​ដ៏​គ្រប់ជ្រុងជ្រោយ​មួយ​សំដៅ​ផ្ដល់​ឱ្យ​សហព័ន្ធ​ជា​សមាជិក​ចំនួន​២១១​នូវ​ការ​បង្កើន​ចំណេះដឹង​និង​ឧបករណ៍​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​កំណត់លទ្ធផល​ប្រកួត​ទុក​ជា​មុន (លក់​កា​រ​ប្រកួត)។

ស្រប​តាម​ចក្ខុវិស័យ​ទូទៅ​​របស់ FIFA ក្នុងការ​ធ្វើ​ឱ្យ​បាល់ទាត់​មាន​លក្ខណៈ​សកល​ពិត​ៗ​និង​​ការ​បន្ត​ប្ដេជ្ញា​​ចិត្ត​ក្នុង​ការ​ការពារ​និង​លើក​ស្ទួយ​សុចរិតភាព​នៃ​ការ​ប្រកួត កម្មវិធី​សុចរិតភាព​សកល​របស់ FIFA នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បង្កើន​ការ​អប់រំ​និង​កសាង​​សមត្ថភាព​សុចរិតភាព​ក្នុង​សហព័ន្ធ​សមាជិក​ទាំង​២១១​នៅ​ជុំ​វិញ​ពិភពលោក​ដោយ​ចែក​រំលែក​ចំណេះដឹង​​និង​ធនធាន​ជឿនលឿន​​ជាមួយ​មន្ត្រី​សុចរិតភាព​។

កម្មវិធី​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​គោល​បំណង​​របស់ UNODC ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​និង​ស្ថាប័ន​កីឡា​នានា​ក្នុងកិច្ច​ខិតខំ​របស់​ពួក​គេ​ដើម្បី​ការពារ​កីឡា​ពី​អំពើ​ពុក​រលួយ​និង​ឧក្រិដ្ឋកម្ម​។

ប្រធាន FIFA លោក Gianni Infantino និយាយ​ថា​៖ «ការ​កំណត់​លទ្ធផល​ទុក​ជា​មុន​គឺ​ជា​បញ្ហា​​ពិត​ប្រាកដ​និង​​​គំរាម​កំហែង​​ដល់​សុចរិតភាព​និង​ភាព​ទុក​ចិត្ត​បាន​នៃ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​។ ដោយ​សហការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញនៅ UNODC និងរួមជាមួយកិច្ចខិតខំ​បន្តដែល FIFA កំពុងធ្វើ កម្មវិធី​​សុចរិតភាព​របស់ FIFA គឺជាជំហានសំខាន់មួយទៀតរបស់ FIFA ដើម្បីការពារសុចរិតភាព​​នៃបាល់ទាត់ ហើយ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំនិងកសាងសមត្ថភាពនៅក្នុង​សហព័ន្ធ​សមាជិក​ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការ​កំណត់​លទ្ធផល​ទុក​ជា​មុន​​នៅកម្រិត​ក្នុង​ស្រុក​​»៕