Skip to content
កីឡាការិនី MMA កម្ពុជា សង្ឃឹមឈ្នះ៩០ភាគរយ លើកីឡាការិនីអាមេរិចក្នុងការប្រកួតខែក្រោយ
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

កីឡាការិនី MMA កម្ពុជា សង្ឃឹមឈ្នះ៩០ភាគរយ លើកីឡាការិនីអាមេរិចក្នុងការប្រកួតខែក្រោយ

ភ្នំពេញ៖ ឯម សុវណ្ណារី កីឡាការិនី​កូន​ខ្មែរ-អាមេរិ  ដែលទើបតែ​​ផ្តួល​កីឡាការិនី​របស់​កូរ៉េខាងត្បូង Choi Jeong Yun បាន​បង្ហាញ​ភាព​ជឿជាក់​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​ថា​នឹង​អាច​យក​ឈ្នះ​លើ​អ្នក​ប្រយុទ្ធ​របស់​អាមេរិក Colbey Northcut ក្នុង​ភាគរយ​ខ្ពស់​បំផុត សម្រាប់​ការ​ប្រកួត ONE Championship  នៅ​លើ​ទឹកដី​សិង្ហបុរី នា​រាត្រី​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១។

បើយោងតាម សុវណ្ណារី ​ប្រាប់ការសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ផ្ដួល​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី២ នៃ​ការ​ប្រកួត ONE Championship នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មករា ឆ្នាំ ២០២១ កន្លង​ទៅ​នោះ ម្ចាស់​កម្មវិធី​នៃ​សង្វៀន ONE បាន​លើក​ទឹកចិត្ត និង​សម្រេច​ដាក់​ឱ្យ​រូប​ខ្ញុំ បន្ត​ប្រកួត​ជាមួយ​នឹង​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​អាមេរិក គឺ Colbey Northcut ក្នុង​ព្រឹត្តិការណ៍ ONE: TNT IV នា​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នៅ​លើ​ទឹក​ដី​ប្រទេស​សិង្ហបុរី ដដែល»។

កីឡាការិនី​ដែល​ចង់​វិវឌ្ឍ​ខ្លួននៅ​សង្វៀន ONE Championship ហើយក៏​​មាន​បំណង​ចង់​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ឯម សុវណ្ណារី បាន​បន្ថែម​ថា៖ «កីឡាការិនី Colbey Northcut ជា​ជើង​ខ្លាំង​ម្នាក់ ដែល​មាន​បទពិសោធ​ប្រកួត​ច្រើន ប៉ុន្តែ​ខ្ញុំ​បាន​តាំង​ចិត្ត​យក​ឈ្នះ​ឱ្យ​បាន គឺ​ខ្ញុំ​មាន​សង្ឃឹម​យក​ឈ្នះ​រហូត​ដល់ ៩០ ភាគរយ សម្រាប់​ការ​ប្រកួត​លើក​នេះ»។

កីឡាការិនី​កូន​ខ្មែរ-អាមេរិក ​វ័យ ២៤ ឆ្នាំ ឯម សុវណ្ណារី មាន​ឪពុកម្តាយ​ជា​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ហើយ​នាង​បាន​កើត​នៅ​ទីនោះ។ សុវណ្ណារី ធ្លាប់​ប្រកួត​បាន ៥ លើក នៅ​សង្វៀន ONE ដោយ​ឈ្នះ ៤ និង​ចាញ់ ១ ដង ហើយ​ការ​ប្រកួត​នៅ​ខែ​មេសា ឆ្នាំ ២០២១ ខាង​មុខ​នេះ នឹង​ក្លាយ​ជា​ការ​ប្រកួត​លើក​ទី៦ ក្នុង​អាជីព​របស់​នាង៕