Skip to content
Suphanburi គេច​ផុត​ពីការ​ធ្លាក់​ទៅលីគ​២​ ខណៈ BG Pathum ស្គាល់​ជាតិចាញ់​នៅ​ថ្ងៃ​ចុង​ក្រោយ
    ទំព័រដើម  »  កីឡាជាតិ

Suphanburi គេច​ផុត​ពីការ​ធ្លាក់​ទៅលីគ​២​ ខណៈ BG Pathum ស្គាល់​ជាតិចាញ់​នៅ​ថ្ងៃ​ចុង​ក្រោយ

ក្រុម​ដែល​ធ្លាប់​ចាយ​លុយ​ធំ​ដើម្បី​ប្រជែង​ជើងឯកលីគ​កំពូល​ថៃ Suphanburi FC ​ចៀស​ផុត​ពី​ការ​ធ្លាក់​ទៅ Thai League 2 ដោយ​ផ្ដួល​គូ​ប្រជែង Sukhothai FC ១-០ ក្នុង​សប្ដាហ៍​ចុង​ក្រោយ ស្រប​ពេល​ក្រុម​ជើងឯក BG Pathum United ​មិន​អាច​បញ្ចប់​រដូវកាល​ដោយ​មិន​ចាញ់​បាន​។

Suphanburi ឡើង​មក​លេខ​រៀង​ទី​១៣​ ក្រោយ​ឈ្នះ​ក្នុង​សប្ដាហ៍​ប្រកួត​ចុង​ក្រោយ ដោយ​មាន​៣០​ពិន្ទុ​ពី​៣០​ប្រកួត ខណៈ Sukhothai ដែល​ខ្សែ​បម្រើ​ជម្រើ​ស​ជាតិ​ខ្មែរ ប៊ីន ចន្ថា ធារី ធ្លាប់​ចូល​រួម​កាល​ពី​ដើម​ឆ្នាំ​២០២០​នោះ បញ្ចប់​រដូវកាល​២០២០-២១​ក្នុង​ចំណាត់​ថ្នាក់​ទី​១៤ មាន​២៨​ពិន្ទុ​។

ក្រុម​យក្ស​ថៃ Buriram United ដែល​ធ្លាប់​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ​កម្ពុជា ច្រឹង ពលរដ្ឋ កាល​ពី​ចុង​ឆ្នាំ​២០១៨ បាន​បញ្ចប់​យុទ្ធនាការ​ Thai League 1 ក្នុង​​តំណែង​​ជា​ជើងឯករង ដោយ​មាន​៦៣​ពិន្ទុ​ពី​៣០​ប្រកួត​។

រីឯ BG Pathum United ដែល​ទើប​​ឈ្នះ​ពាន​លីគ​កំពូល​ថៃ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ មិន​អាច​រក្សា​ភាព​មិន​ចាញ់​បាន​ពេញ​​១​រដូវកាល​ឡើយ ដោយ​នៅ​ទី​បំផុត​ពួក​គេ​ស្គាល់​ជាតិ​បរាជ័យ​ក្នុង​ប្រកួត​ចុង​ក្រោយ ក្រោម​ថ្វី​ជើង Muangthong United ១-០​។ ទោះ​យ៉ាង​ណា Muangthong United បាន​ត្រឹម​ចំណាត់​ថ្នាក់​ទី​៧​ប៉ុណ្ណោះ​៕