Skip to content
សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​នឹង​បណ្ដេញ Juventus ​ចេញ​ពី Serie A ​បើ​​មិន​ដក​ខ្លួន​ពី ESL ទេ​
    ទំព័រដើម  »  កីឡាជាតិ

សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​នឹង​បណ្ដេញ Juventus ​ចេញ​ពី Serie A ​បើ​​មិន​ដក​ខ្លួន​ពី ESL ទេ​

សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី​បាន​ប្រាប់​ក្លិប Juventus ​ថា ​បើ​ពួក​គេ​​នៅ​តែ​មិន​ដក​ខ្លួន​ពី​ផែនការ European Super League នោះ​ ពួក​គេ​នឹង​ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្របខណ្ឌ Serie A​។

Juventus រួម​ជាមួយ Barcelona និង Real Madrid ជា​ក្លិប​សហស្ថាបនិក​៣​ដែល​នៅ​តែ​មិន​ទាន់​ដក​ខ្លួន​ចេញពី​ផែន​ការ​បង្កើត ESL នៅឡើយ​។

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់អ៊ីតាលី Gabriele Gravina បាន​និយាយ​​តាម BBC ​ថា​៖ «​បើ Juventus មិន​គោរព​បទ​បញ្ញត្តិ​ទេ ពួក​គេ​នឹង​ត្រូវ​ចេញ​​(ពី​លីគ​អ៊ីតាលី)​។ នៅ​ពេល​ចុះ​​ឈ្មោះ​ប្រកួត​ជើងឯក Serie A ​រដូវកាល​ក្រោយ ក្លិប​នេះ​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី ប្រសិនពួក​គេ​សម្រេច​ចិត្ត​មិន​ដក​ខ្លួន​ពី Super League»។

ទាំង Juventus, Barca និង Real នៅ​តែ​បន្ត​ប្ដេជ្ញាចិត្ត​ចំពោះ​គម្រោង​ពាន Super League ហើយ​សប្ដាហ៍​មុន​ពួកគេ​​នៅ​តែ​និយាយ​ការពារ​ការ​ពាក់ព័ន្ធ​របស់​ពួក​គេក្នុង​ពាន​ផ្ដាច់​ខ្លួន​មួយ​នេះ​នៅ​ចំពោះ​មុខ​អ្វី​ដែល​ពួក​គេ​ហៅ​ថា​«​ការ​គំរាម​»​របស់ UEFA​។

ប៉ុន្តែ​សម្ពាធ​កាន់​តែ​រីក​ធំ​ឡើង​ៗ​​លើ​ក្លិប Juventus ឱ្យ​ដក​ខ្លួន​ចេញពី​ពាន​ដែល​រង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​មួយ​នេះ​។

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី​បន្ត​ថា​៖ «ពួក​យើង​ទាំង​អស់​គ្នា​នឿយ​ហត់​បន្តិច​ហើយ​ចំពោះ​ល្បែង​ទាញ​ព្រ័ត្រ​មួយ​នេះ​រវាង UEFA និង​ក្លិប​ទាំង​៣​​នេះ​។ ខ្ញុំ​សង្ឃឹម​ថា​ជម្លោះ​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​ឆាប់​ៗ​។ ខ្ញុំ​សង្ឃឹម​ថា​អាច​សម្រប​សម្រួល​រវាង Juventus និង UEFA ​បាន​។ បើ​ក្លិប​ណា​មិន​ទទួល​យក​គោលការណ៍​ដែល​បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី​និង​សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីប​អឺរ៉ុប​ទេ​នោះ ពួក​គេ​មិន​អាច​លេង​​ក្នុង​លីគ​របស់​យើង​បាន​ឡើយ​។​ វា​មិន​ល្អ​ទេ​សម្រាប់​បាល់ទាត់​អន្តរជាតិ សម្រាប់​បាល់ទាត់​អ៊ីតាលី និង​សម្រាប់ Juventus​។ ពួក​យើង​​បាន​និយាយ​រួច​ហើយ​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​គោរព​បទ​បញ្ញត្តិ»។

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០២១ ក្លិប​ចំនួន​១២ បាន​ប្រកាស​បង្កើត​ពាន European Super League​។ តែ​៤៨​ម៉ោង​ក្រោយមក ផែនការ​បាន​រលំរលាយ​ទៅ​វិញ ដោយ​ក្លិប​អង់គ្លេស​ទាំង​៦ រួម​មាន Manchester United, Manchester City, Liverpool, Chelsea, Tottenham និង Arsenal បាន​ដក​ខ្លួន​ចេញ​វិញ និង​បន្ត​ដក​ខ្លួន​តាម​ដោយ​ AC Milan, Inter Milan និង Atletico Madrid​។

ក្លិប​ទាំង​៩​ដែល​បាន​​ដក​ខ្លួនពី ESL ​បាន​ទទួល​យក​ទណ្ឌកម្ម​​ហិរញ្ញវត្ថុ​​ពី​ UEFA ដោយ​ពួក​គេ​បាន​យល់​ព្រម​ផ្ដល់​វិភាគ​ទាន​សុឆន្ទៈ​​រួម​សរុប​១៥​លាន​អឺរ៉ូ​​ដើម្បី​ជា​ប្រយោជន៍​ដល់​​កុមារ​និង​បាល់ទាត់​ថ្នាល​នៅ​ជុំ​វិញ​ទ្វីប​អឺរ៉ុប​៕