Skip to content
ទណ្ឌកម្មកំពុងរង់ចាំ! ក្លិប​ស្ថាបនិក ESL ៣​ដែល​រឹងត្អឹង​មិ​ន​​ព្រម​ដក​ខ្លួន​ត្រូវ UEFA ស៊ើប​អង្កេត​ហើយ
    ទំព័រដើម  »  កីឡាជាតិ

ទណ្ឌកម្មកំពុងរង់ចាំ! ក្លិប​ស្ថាបនិក ESL ៣​ដែល​រឹងត្អឹង​មិ​ន​​ព្រម​ដក​ខ្លួន​ត្រូវ UEFA ស៊ើប​អង្កេត​ហើយ

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) បាន​បើក​ការ​ស៊ើប​អង្កេត​ផ្នែក​វិន័យ​ជា​ផ្លូវការហើយ​​លើ​ក្លិប Barcelona, Juventus និង Real Madrid ជុំ​វិញ​ការ​ពាក់ព័ន្ធ​របស់​ពួក​គេ​ក្នុងការ​បង្កើត​ពាន European Super League។

ក្នុង​ចំណោម​ក្លិប​ទាំង​១២​ដែល​បាន​ចូល​រួម​បង្កើត​​ពាន ESL មាន​៩​ គឺ Arsenal, Chelsea, Liverpool, Manchester  City, Manchester United, Tottenham Hotspur, AC Milan, Inter Milan និង Atletico Madrid បា​ន​ប្រកាស​ដក​ខ្លួន​ចេញ​វិញ​​ហើយ នៅ​ឡើយ​តែ Barca, Juve និង Real ដែល​រឹងត្អឹង​។

UEFA និយាយ​ថា​ការ​ស៊ើប​អង្កេត​ផ្នែក​វិន័យ​​នេះ​នឹង​មើល​ទៅ​លើ​លទ្ធភាព​នៃ​ការ​បំពាន​ក្របខណ្ឌ​ច្បាប់​​ដោយ​ក្លិប​ទាំង​៣​។

UEFA ​មិន​ទាន់​និយាយ​អ្វី​ច្រើន​លើស​ពីនេះ​ឡើយ​។ ប៉ុន្តែ​បើ​តាម AFP ក្លិប​ទាំង​៣​ខាង​លើ​ដែល​រឹង​ត្អឹង​មិន​ព្រម​បញ្ឈប់​ផែនការ ESL អាច​ត្រូវ​បាន​បញ្ចេញ​ចេញ​ពីពាន Champions League ២​ឆ្នាំ​។

សូម​ជម្រាប​ថា ក្លិប​​ទាំង​៩​ដែល​បាន​ដក​ខ្លួន​ចេញ​មិនមែន​រួច​ខ្លួន​គ្មាន​រង​វិធានការ​វិន័យ​នោះ​ទេ​។ ពោល​គឺ ពួកគេ​​បាន​ទទួល​ពិន័យ​របស់ UEFA ដោយ​យល់​ព្រម​ផ្ដល់​វិភាគទាន​សុឆន្ទៈ​រួម​គ្នា​សរុប​១៥​លាន​អឺរ៉ូ​សម្រាប់​ជា​ប្រយោជន៍​ដល់​កុមារ​និង​បាល់ទាត់​ថ្នាល​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​។ បន្ថែម​លើ​នេះ ក្លិប​ទាំង​៩​នឹង​ត្រូវ​បាន UEFA កាត់​យក​​ចំណូល​​​ពីពាន​អឺរ៉ុប​ចំនួន​៥%​​រយៈ​ពេល​១​រដូវកាល ដោយ​រាប់​ពី​រដូវកាល​២០២៣-២៤​ទៅ​ ហើយ​លុយ​នេះ​នឹង​ត្រូវ​បាន​បែង​ចែកឡើង​​វិញ​នៅ​ពេល​បន្ទាប់​។

លើស​ពីនេះ ក្លិប​ទាំង​៩​ថែម​ទាំង​បាន​​ប្ដេជ្ញា​ចំពោះ​មុខ UEFA ថា​នឹង​មិន​នាំ​គ្នា​បង្កើត​ពាន​ក្រៅ​ច្បាប់​បែបនេះ​ទៀតឡើយ​​ក្នុង​ពេល​អនាគត។ ប្រសិនពួក​គេ​ធ្វើ​បែបនេះ​ទៀត ក្លិប​នីមួយ​ៗ​​ប្រឈម​នឹង​​ពិន័យ​១០០​លាន​អឺរ៉ូ​។ ហើយ​បើ​បំពាន​ខ​ណា​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ដែល​ពួក​គេ​បាន​ប្រកាស ពួក​គេ​នឹង​រង​ពិន័យ​ពាក់​កណ្ដាល​នៃ​ទំហំ​​ទណ្ឌកម្ម​នេះ​។

លោក Florentino Perez ប្រធាន​ក្លិប Real Madrid និងជា​ប្រធាន​ ESL បាន​និយាយ​ថ្មី​ៗ​នេះ​ថា​ក្លិប​សហស្ថាបនិក​ទាំង​១២​ដែល​បាន​ព្រមព្រៀង​ចូល​រួម​គម្រោង ESL មាន​កិច្ចសន្យា​ដែល​មិនអាច​ទុក​ជា​មោឃៈ​បាន ហើយ​មិន​អាច​ចាកចេញបាន​ទេ​៕