សម្តេចតេជោ ហ៊ុន សែន ៖ រាល់ថវិកាចំណាយលើការសាងសង់សំណង់នៅវត្តព្រះឥន្ទសាមគ្គីធម៌ មិនបានប្រើថវិកាជាតិឡើយ
(កណ្ដាល)៖ រាល់ថវិកាដែលបានចំណាយលើការសាងសង់សំណង់ និងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មិនបានប្រើថវិកាជាតិនោះឡើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-24-30-1024x682.jpg)
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកសាងនៅវត្តស្វាយពពែអស់ថវិកាជាង ១.២លានដុល្លារ និងនៅទីនេះ (វត្តព្រះឥន្ទសាមគ្គីធម៌) កសាងអស់ ២.៦លានដុល្លារ, ខ្ញុំករុណាខ្ញុំ អត់ប៉ះពាល់ថវិកាជាតិសូម្បីមួយសេន ។ សម្តេច ថា សម្តេចធ្លាប់អនុវត្តអគ្គបញ្ជារការមួយ អគ្គសេនាធិការមួយ បានសេចក្តីថា អគ្គបញ្ជារការគឺនាយករដ្ឋមន្ត្រី អគ្គសេនាធិការ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្តេចបានខិតខំដើម្បីចលនាគ្នីគ្នាប្រមូលទុនដើម្បីសាងសង់វត្តស្វាយពពែ នៅទីក្រុងភ្នំពេញផង និងនៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅខេត្តកណ្តាលផង ហើយសម្តេចនឹងមិនធ្វើជាសត្រូវជាមួយនឹងលុយនោះទេ គឺកៀរគរគ្នាប្រមូលថវិកា ដើម្បីយកមកជួយកសាងវត្តអារាម ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-34-55-1024x682.jpg)
សម្តេចតេជោ បានបញ្ជាក់ទៀតថា ការរៀបចំកសាងសមិទ្ធផលនានា ក្នុងវត្តនេះគឺត្រឹមត្រូវហើយ ព្រោះបញ្ហានេះវាមានប្រតិសកម្ម រវាងពុទ្ធចក្រ និងអាណាចក្រ ហើយពុទ្ធចក្របានជួយដល់អាណាចក្រ លើការបណ្តុះបណ្តាលធនធានមនុស្ស និងលើការអប់រំមនុស្សឱ្យធ្វើអំពើល្អផងដែរ ។
សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភនូវថវិកាកសាងសមិទ្ធផលក្នុងវត្តជាបន្តបន្ទាប់។ យោងតាមរបាយការណ៍បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភការកសាងចំនួន ៣លើក ជាបន្តបន្ទាប់ដូចខាងក្រោម៖ លើកទី១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សាកម្ពស់៣ជាន់ ស្មើ១៨បន្ទប់ ១ខ្នង,ព្រះវិហារ ១ខ្នង, កុដិព្រះសង្ឃកម្ពស់៤ជាន់ ១ខ្នង មាន ៤៨បន្ទប់,ជាវស្រះទឹក។ លើកទី២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងឧបដ្ឋានសាលា (សាលាបុណ្យ)១ខ្នង, អាគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣២បន្ទប់,អគារអន្តេវាសិកដ្ឋាន១ខ្នង កម្ពស់៣ជាន់ មាន២៤បន្ទប់, ផ្លូវបេតុងក្នុងបរិវេណវត្ត និងសាលារៀនចំនួន ៤០០ ម៉ែត្រ និង ជាវដីពង្រីកទីធ្លាវត្ត។ លើកទី៣ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សា១ ខ្នង កម្ពស់៥ ជាន់ មាន២៤បន្ទប់ និងសាលប្រជុំ១បន្ទប់, អគារផ្ទះបាយ១ខ្នង់ កម្ពស់៣ជាន់,បង្គន់អនាម័យ៣ខ្ទង់ ស្មើនឹង២០បន្ទប់ និងរបងប្រវែង២៣០ម៉ែត្រ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-37-02-1024x682.jpg)
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជួយសាងសង់អគារសិក្សា២ខ្នងកម្ពស់៤ជាន់ និងជួយឧបត្ថម្ភថវិកា ១០០លានរៀលក្នុងមួយខែ រយៈពេលមួយឆ្នាំ សម្រាប់ការចំណាយនៅវត្តព្រះឥន្ទសាមគ្គីធម៌ ។ សម្តេច ថា សម្ដេចនឹងជួយសម្រួលការលំបាក ២ភាគ៣ ដល់វត្តព្រះឥន្ទសាមគ្គីធម៌ ដែលវត្តនេះត្រូវចំណាយថវិកាទូទៅទាំងមូលក្នុង ១ខែអស់ប្រមាណ១៦០លានរៀលទៅលើប្រាក់ខែគ្រូបង្រៀន គ្រូពេទ្យ និងការចំណាយផ្សេងៗនៅក្នុងសាលារៀន ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-24-11-1024x682.jpg)
សម្ដេចតេជោ បន្តថា ការជួយផ្គត់ផ្គង់ និងឧបត្ថម្ភថវិកានេះ មិនត្រឹមតែជួយបានដល់ព្រះតេជគុណមួយមុខនោះទេ ប៉ុន្តែអាចជួយដល់ជីវភាពគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូសរុប ២៣២នាក់បន្ថែមទៀត ។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សិស្សានុសិស្សកំពុងត្រូវការបន្ទប់សិក្សាចំនួន២៧បន្ទប់ ដូច្នេះដើម្បីបំពេញតម្រូវការសិក្សារបស់សិស្ស និងសមណសិស្ស សម្ដេចសម្រេចរុះរើអគារសិក្សាបណ្ដោះអាសន្នដែលប្រកស័ង្កសីចេញ និងឲ្យវិស្វកម្មចូលសាងសង់អគារសិក្សាថ្មី ដែលមានកម្ពស់៤ជាន់ និង៤៨បន្ទប់ដល់សាលារៀនក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-37-43-1024x682.jpg)