ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរចំនួន ១២.៣៨៣០នាក់ ក្នុងរយៈ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ

អត្ថបទដោយ៖
សួន លីណា

(ខេត្តព្រះវិហារ)៖​ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ ខេត្ត​ព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅ​កម្សាន្ត​តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងប្រជា​ពល​រដ្ឋលេងកម្សាន្តតាមសង្ក្រាន មានចំនួន ១២.៣៨៣០នាក់។​

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានថ្លែងថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី១៤​.១៥.១៦ ខែមេសា នេះ ភ្ញៀវទេសចរបាន​ចូល​ទស្សនា តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយតាមទីតាំងសង្ក្រាននានា មានចំនួនសរុប១២.៣៨៣០នាក់។​

 លោកថា៖ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង១២.៣៨៣០នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន២០៨៤២នាក់ ភ្ញៀវទេសចរ​បរទេសចំនួន ១២៣នាក់ និងបងប្អូនប្រជាពលរដ្ឋចូលរួមលេង​សង្រ្កាន្តនានាសរុបចំនួន១០.២៨៦៥នាក់។​

លោក គង់ វិបុល ក៏បានថ្លែងទៀតថា៖សម្រាប់ទីតាំងរមណីយដ្ឋាន និងគោលដៅទេសចណ៍នានា ដែលភ្ញៀវទេសចរតែងមកលេង​កម្សាន្តមានដូចជា៖ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រា​សាទ​កោះកេរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យដែនដីពិសិដ្ឋ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ។​លោកថាកត្តាសំខាន់ដែលឆ្នាំនេះខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរច្រើន​ដោយសារអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំសង្ក្រានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី មាន​លក្ខណៈស្អាតប្លែក ធំជាងឆ្នាំមុន ពិសេសមានកម្ម​វិធីសប្បាយៗជាច្រើនទៀតផង៕

សួន លីណា

ads banner