រដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់ឱ្យសារព័ត៌មានចូលរួមចំណែក ក្នុងវិស័យកសិកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបជាមួយលោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក នៅទីស្តីការក្រសួងកសិកម្ម។ ក្នុងជំនួបសម្តែងការគួរសមនេះ និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ និងមាតិកា គាំទ្រដល់កិច្ចការងាររបស់ក្រសួង ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍នូវកិច្ចសហការជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។ ជាគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្មដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជ្រាបកាន់តែច្បាស់ពីការខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលបានគិតគូរ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ ពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការងារនេះមានសារៈសំខាន់ណាស់ និងអាចសម្រេចបាន តាមរយៈសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់ ផលិតព័ត៌មានដែលមានមូលដ្ឋានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយដល់សាធារណជន ជាជាងការផ្តល់នូវព័ត៌មានក្លែងក្លាយ មិនមានមូលដ្ឋានច្បាស់លាស់ ឬចាប់មុំព័ត៌មានណាមួយដែលមានលក្ខណៈកេងចំណេញផលប្រយោជន៍អាជីវកម្ម តែប្រាសចាកពីការពិត ៕
ប្រភព ៖ ក្រសួងកសិកម្ម





