លោក Trump នឹងទម្លាក់ពន្ធលើទំនិញចិន ប៉ុន្តែមិនមែនដល់អត្រាសូន្យភាគរយនោះទេ
បរទេស ៖ លោកប្រធានាធិបតី Donald Trump បានអះអាងថា សហរដ្ឋអាមេរិកនឹងទម្លាក់ពន្ធគយលើប្រទេសចិនវិញ ប៉ុន្តែ នឹងមិនធ្លាក់ដល់សូន្យ នោះទេ បើទោះបីជាក្នុងករណីណាក៏ដោយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Guardian កាលពីថ្ងៃពុធ។
ការកត់សម្គាល់លោក Trump បានកើតឡើង ក្រោយពេលមួយថ្ងៃ ដែលប្រទេសចិនព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីណាមួយ ដែលឈានដល់កិច្ចព្រមព្រៀង ជាមួយអាមេរិក ប៉ះពាល់ដល់ប្រយោជន៍របស់ចិន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បានអះអាងដែរថា ការតំឡើងពន្ធខ្ពស់ពេក មិនមាននិរន្តរភាព ហើយលោកស្នើឲ្យមានការបន្ធូបន្ថយ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ។
នៅក្នុងសង្គ្រាមពន្ធនេះ លោក Trump បានដាក់ពន្ធនាំចូលទំនិញ ១៤៥% លើប្រទេសចិន ហើយចិនបានតបតបវិញ ជាមួយនឹងការតំឡើងពន្ធ១២៥% លើទំនិញ របស់សហរដ្ឋអាមេរិក។
បន្ទាប់ពីប្រកាសសងសឹករួច លោក Trump ហាក់បន្ទន់ឥរិយាបទ ដោយលោកថា មានទំនាក់ទំនងល្អ ជាមួយប្រធានាធិបតី Xi Jinping ហើយកំពុងរង់ចាំការឈានដល់ការព្រមព្រៀង ជាមួយមេដឹកនាំចិន រូបនេះ ផងដែរ៕
ប្រភពពី The Guardian, ប្រែសម្រួល ៖ សារ៉ាត
