ឯកឧត្តម ទឹម បូរក្ស ដឹកនាំក្រុមការងារ ចុះបង្ក្រាប​បទល្មើស​ជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅ​ស្រុក​ចំនួនពីរ​ក្នុងខេត្ត​កំពង់ចាម

(កំពង់ចាម)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ចាម អធិកាដ្ឋាន​រដ្ឋបាល​ជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការ​ជាមួយអាជ្ញាធរស្រុកកំពង់សៀម និងអាជ្ញាធរស្រុកព្រៃឈរ ដោយ​មានការសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃ​អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើស​ជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន នៅក្នុងស្រុកព្រៃឈរ និងស្រុកំពង់សៀម ខេត្តកំពង់ចាម។

បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ឧបករណ៍ខុសច្បាប់ដែល រឹបអូស បាន និងបំផ្លាញចោល នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមមាន ឧករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០៦គីឡូក្រាមចូលបឹងធម្មជាតិវិញ។ ចំណែក ឧបករណ៍ខុសច្បាប់ដែលរឹបអូសបាន និងបំផ្លាញចោលនៅ​ចំណុចទំនប់ជ្រោយចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមមាន ឧករណ៍លូស្បៃមុងចំនួន ០៦មាត់ របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ បង្គោលចម្រឹងចំនួន ៥០ដើម និងចាក់លែងត្រីចម្រុះ​ទម្ងន់ ០៣គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ។

ជាមួយគ្នានេះ ឯកឧត្តម ទឹម បូរក្ស ក៏បានប្រជុំនៅខណ្ឌរដ្ឋបាលជល​ផល​កំពង់ចាម ដើម្បីផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្រី្ត និងពង្រឹង​ការងារ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ចាមថែមទៀតផង៕

ដោយ ៖ លី ពៅ

ads banner