ប្រតិបត្តិការបង្ក្រាបឈ្នាងអូសលៀស៖ ចាក់លៀសចូល​បឹងទន្លេ​សាប​វិញប្រមាណ ៥តោន

(សៀមរាប)៖ កម្លាំងចម្រុះរួមមាន តំបន់ប្រតិបត្តិការសិករង​សៀមរាប កងទ័ពពិសេសឆ័ត្រយោង ៩១១ កងពលលេខ ៧០ សហការជាមួយផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាល​ជលផល​ស្រុកសូទ្រនិគម ដឹកនាំដោយលោកវរសេនីយ៍ឯក វិញ វឿន បានចុះបំពេញភារកិច្ចក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥។

ក្នុងដំណើរប្រតិបត្តិការនេះ កងកម្លាំងបានចាប់ឃាត់ឧបករណ៍ឈ្នាង​អូស​លៀសចំនួន ០១ ករណី​ នៅក្នុងដែននេសាទសហគមន៍​កំពុង​ឃ្លាំង (ចំណុចលកទល់)។ បានដកហូតក្រឡាចាប់ត្រី (រែងលៀស) ទំហំ ១.០២ សង់ទីម៉ែត្រ ចំនួន ២៣ គ្រឿង និងបានចាក់លៀស​ដែល​បានរងចាប់ ចូលបឹងទន្លេសាបវិញប្រមាណ ៥ តោន ដើម្បីថែ​រក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ីនៃបឹង។

ប្រតិបត្តិការបែបនេះ មិនមែនជាព្រឹត្តិការណ៍លើកដំបូងនោះទេ។ គណៈកម្មការចម្រុះបានបន្តធ្វើសកម្មភាពបង្ក្រាបយ៉ាងសកម្ម ដូច​ភ្លៀងរលឹម ចាប់តាំងពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ដែលបាន​ផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម។

ការងារ​នេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ដែលបានបញ្ជាក់ឱ្យថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រមទាំងជីវចម្រុះ ក្នុងបឹងទន្លេសាប ដើម្បីធានាថា តំបន់អេកូឡូស៊ីសំខាន់នេះ នឹងមានសម្បូរថែម​ទាំង​ប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថានសម្រាប់ជំនាន់ក្រោយ ៕

ដោយ ៖ ​ប៊ុន​រដ្ឋា

ads banner