យុទ្ធនាការ “បរិច្ចាគឈាមដោយស្ម័គ្រចិត្ត សង្រ្គោះជីវិត” នៅខេត្តសៀមរាប
សៀមរាប៖ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុនទឹកវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២បានប្រារព្ធយុទ្ធនាការ “បរិច្ចាគឈាម សង្រ្គោះជីវិត” ដោយរៀបចំនៅផ្សារទំនើប Heritage Walk ក្រុងសៀមរាប។
លោក នាក់ ណេរ៉ុនអភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអ្នកនាង ដឹង សុគន្ធារី នាយិកាប្រតិបត្តិនៃក្រុមហ៊ុនវីតាល់បានអញ្ជើញចូលរួមក្នុងឱកាសនេះ ។តាមរយៈយុទ្ធនាការដែលរៀបចំឡើងមានសាធារណជនយ៉ាងច្រើនបានចូលរួម ក្នុងនេះអ្នកស្ម័គ្រចិត្តចំនួន ១២៨នាក់ បានផ្តល់ឈាមសរុបចំនួន ១២៨ប្លុក គិតត្រឹមម៉ោង ១២ថ្ងៃត្រង់។
ថ្លែងទៅកាន់អ្នកចូលរួម លោក នាក់ ណេរ៉ុន បានលើកឡើងថា ការបរិច្ចាគឈាមគឺជាការបង្ហាញពីចិត្តសប្បុរស និងស្មារតីមនុស្សធម៌ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ។អ្នកបរិច្ចាគឈាមគឺជាវីរៈបុរស និងវីរៈនារីពិតប្រាកដក្នុងសង្គម។
ចំណែកអ្នកនាង ដឹង សុគន្ធារី បានបញ្ជាក់ថា វីតាល់មានបំណងចូលរួមលើកកម្ពស់វប្បធម៌បរិច្ចាគឈាមស្ម័គ្រចិត្តតាមខេត្តផ្សេងៗ ដើម្បីជួយពង្រឹងវិស័យសុខាភិបាលក្នុងប្រទេស។
បើតាមលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ឈាមមានប្រភពតែមួយគត់ពីមនុស្ស និងមិនអាចផលិតបានតាមរោងចក្រ។ ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ និងមានអត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់អ្នកផ្តល់ផងដែរ។
សូមជម្រាបថា ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនវីតាល់បានរៀបចំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តរហូតដល់ ៣ដង។ក្នុងនោះលើកទី១ ថ្ងៃទី១៤ ខែកុម្ភៈ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម,លើកទី២ ថ្ងៃទី២១ ខែមីនា នៅមន្ទីរពេទ្យកាល់ម៉ែត
និងលើកទី៣ នៅថ្ងៃទី២៤ ខែមេសា នៅខេត្តសៀមរាប។
យុទ្ធនាការនេះ ជាការចាប់ផ្តើមដំបូងក្នុងការពង្រីកសកម្មភាពបរិច្ចាគឈាមទៅតាមបណ្តាខេត្ត ដោយសហការរវាងរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសាធារណជន ក្នុងគោលបំណងរួមសង្គ្រោះជីវិតមនុស្ស៕
ដោយ៖ប៊ុន រដ្ឋា









