ក្រសួងឧស្សាហកម្ម ធ្វើសិក្ខាសាលាផ្សព្វផ្សាយ”ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត”ដល់រដ្ឋបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន
បាត់ដំបង៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ រួមជាមួយរដ្ឋបាលខេត្តបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត “ដល់ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។
ពិធីដែលប្រារព្ធនៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលខេត្តស្តីទីខេត្តបាត់ដំបង ។
គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយគឺដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីសមត្ថកិច្ច និងសិទ្ធិ ក្នុងការទទួលខុសត្រូវរបស់ ភាគីពាក់ព័ន្ធទាំងអស់។ ការដោះស្រាយវិវាទ និងទោសប្បញ្ញត្តិ ដែលត្រូវបានកំណត់ដោយច្បាប់ជូនដល់ថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋាករទឹកបាត់ដំបង ប្រតិបត្តិករនិងក្រុមហ៊ុនសាងសង់ ដែលមានមូលដ្ឋានអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង និង ខេត្តប៉ៃលិន។
ឯកឧត្តមអភិបាលខេត្តស្តីទីខេត្តបានលើកឡើងថា បច្ចុប្បន្នប្រតិបត្តិករទឹកស្អាត កំពុងតែខិតខំបម្រើសេវាជូនដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្របដណ្តប់ ទទួលបាននិងមានទឹកស្អាតប្រើប្រាស់។
ខេត្តបាត់ដំបងមានប្រតិបត្តិករទឹកស្អាតឯកជនចំនួន២៨និងអង្គភាពនៃរដ្ឋាករទឹកបាត់ដំបងចំនួនមួយស្ថិតនៅក្នុងស្រុក១៣និងក្រុងមួយ និងមានវិសាលភាពគ្របដណ្ដប់នូវក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៤០០ភូមិ និងមានបណ្តាញភ្ជាប់ទឹកស្អាត ប្រវែងជាង ២ ៤១៦គីឡូម៉ែត្រ។
ថ្លែងបើកអង្គសិក្ខាសាលានេះ ឯកឧត្តម អ៊ុ សុថា បានណែនាំ និងជំរុញដល់អាជ្ញាធរ ឃុំ សង្កាត់ នៅក្នុងខេត្តបាត់ដំបង និង នៅខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមជួយមើលថែទាំ ទំនុកបម្រុង និងសហការជាមួយប្រតិបត្តិករទឹកស្អាតដែលមានក្នុងមូលដ្ឋានរបស់ខ្លួនក្នុងការធានា និងផ្គត់ផ្គង់ទឹកស្អាត ដែលមានគុណភាព និរន្តភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា តាមរយៈអង្គសិក្ខាសាលានេះគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងនាំយកចំណេះដឹងស្ដីពីច្បាប់គ្រប់គ្រងទឹកស្អាតទៅចែករំលែកដល់អ្នកដែលមិនបានចូលរួម។ជាពិសេស សិក្ខាកាមទាំងអស់ នឹងកាន់តែយល់ច្បាស់និងឈ្វេងយល់អំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់”ស្តីពីការគ្រប់គ្រងទឹកស្អាត”៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.





