យុទ្ធនាការ “បរិច្ចាគឈាមដោយស្ម័គ្រចិត្ត សង្រ្គោះជីវិត” នៅខេត្តសៀមរាប

សៀមរាប​៖ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប បានសហការជា​មួយក្រុមហ៊ុន​ទឹកវីតាល់ និងមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២បានប្រារព្ធយុទ្ធនាការ “បរិច្ចាគឈាម សង្រ្គោះជីវិត” ដោយរៀបចំ​នៅ​ផ្សារ​ទំនើប Heritage Walk ក្រុងសៀមរាប។

លោក នាក់ ណេរ៉ុនអភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអ្នកនាង ដឹង សុគន្ធារី នាយិកាប្រតិបត្តិនៃ​ក្រុមហ៊ុនវីតាល់បានអញ្ជើញចូលរួមក្នុងឱកាសនេះ ។តាមរយៈយុទ្ធនាការ​ដែលរៀបចំឡើង​មាន​សាធារណជនយ៉ាងច្រើនបានចូលរួម ក្នុងនេះអ្នកស្ម័គ្រ​ចិត្តចំនួន ១២៨នាក់ បានផ្តល់ឈាមសរុបចំនួន ១២៨ប្លុក គិតត្រឹមម៉ោង ១២ថ្ងៃត្រង់។

ថ្លែងទៅកាន់អ្នកចូលរួម លោក នាក់ ណេរ៉ុន បានលើកឡើងថា ការបរិច្ចាគ​ឈាមគឺជាការបង្ហាញពីចិត្តសប្បុរស និងស្មារតី​មនុស្សធម៌ក្នុងការជួយ​សង្គ្រោះជីវិតអ្នកជំងឺ។អ្នកបរិច្ចាគឈាមគឺជាវីរៈបុរស និងវីរៈនារីពិតប្រាកដ​ក្នុងសង្គម។

ចំណែកអ្នកនាង ដឹង សុគន្ធារី បានបញ្ជាក់ថា វីតាល់មានបំណងចូលរួមលើក​កម្ពស់​វប្បធម៌បរិច្ចាគឈាមស្ម័គ្រ​ចិត្តតាម​ខេត្ត​ផ្សេងៗ ដើម្បីជួយពង្រឹងវិស័យ​សុខាភិបាលក្នុងប្រទេស។

បើតាមលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យ​ដឹងថា ឈាមមានប្រភពតែមួយគត់ពីមនុស្ស និងមិនអាចផលិតបាន​តាម​រោងចក្រ។ ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ និងមានអត្ថប្រយោជន៍​ច្រើនដល់​សុខភាពរបស់អ្នកផ្តល់ផងដែរ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនវីតាល់បានរៀបចំយុទ្ធនាការបរិច្ចាគ​ឈាមស្ម័គ្រចិត្តរហូតដល់ ៣ដង។ក្នុងនោះលើកទី១ ថ្ងៃទី១៤ ខែកុម្ភៈ នៅមជ្ឈ​មណ្ឌលជាតិផ្តល់ឈាម,លើកទី២ ថ្ងៃទី២១ ខែមីនា នៅមន្ទីរពេទ្យកាល់ម៉ែត
និង​​លើកទី៣ នៅថ្ងៃទី២៤ ខែមេសា នៅខេត្តសៀមរាប។
យុទ្ធនាការនេះ ជាការចាប់ផ្តើមដំបូងក្នុងការពង្រីកសកម្មភាពបរិច្ចាគឈាម​ទៅតាមបណ្តាខេត្ត ដោយសហការរវាង​រដ្ឋា​ភិបាល ក្រុមហ៊ុនឯកជន និង​សាធារណជន ក្នុងគោលបំណងរួមសង្គ្រោះជីវិតមនុស្ស៕
ដោយ៖​ប៊ុន ​រដ្ឋា

ads banner