អាជ្ញាធរខេត្តកំពត ប្រជុំពិភាក្សាត្រៀមការងារគ្រប់គ្រងទឹកជំនន់តាមដងព្រែកកំពង់បាយ
កំពត៖ដើម្បីបង្ការទប់ស្កាត់ទឹកជំនន់ដោយបម្រែបម្រួលអាកាសធាតុឱ្យមានប្រសិទ្ធភាព អាជ្ញាធរខេត្តកំពត មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនស៊ីណូហាយឌ្រូកំចាយ បានជួបប្រជុំពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួន និងវិធានការត្រៀមបម្រុងទុកជាមុន។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសម្របសម្រួលការងារគ្រប់គ្រងទឹកជំនន់នៅតាមដងព្រែកកំពង់បាយប្រចាំឆ្នាំ២០២៥ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពតកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត(គ.គ.ម.ខ)បានលើកឡើងថា ទំនប់វារីអគ្គិសនីកំចាយ របស់ក្រុមហ៊ុនស៊ីណូហាយឌ្រូកំចាយ ដែលជាមរតករបស់ម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធិសភាបច្ចុប្បន្ន ពិតជាមានសារៈប្រយោជន៍ច្រើនណាស់ សម្រាប់ជាតិ និងជាពិសេសសម្រាប់ពលរដ្ឋខេត្តកំពត។ ទំនប់វារីអគ្គិសនីកំចាយបានផ្តល់ថាមពលអគ្គីសនី កាត់បន្ថយ និងបញ្ចៀសទឹកជំនន់លិចក្រុងកំពត និងឃុំមួយចំនួនរបស់ស្រុកទឹកឈូ ផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំ និងជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងបន្តចែកចាយទៅខេត្តព្រះសីហនុ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមដងព្រែកកំចាយ រហូតដល់ព្រែកកំពង់បាយក្រុងកំពតជាដើម។
សូមបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកទេសនៃការបើកទ្វាររំដោះទឹក និងការគ្រប់គ្រងស្ថានភាពកម្ពស់ទឹកហូរចូលអាងស្តុកមានភាពល្អប្រសើរឡើងៗ បញ្ចៀសបាននូវទឹកជំនន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមមន្ត្រីបច្ចេកទេស ទ្វាររំដោះទឹកទំនប់វារីអគ្គិសនីកំចាយ នឹងត្រូវបើក នៅពេលកម្ពស់ទឹកឡើងដល់១៤៨ម៉ែត្រ ដើម្បីរក្សាសុវត្ថិភាពទំនប់ និងការផលិតថាមពលអគ្គិសនីឱ្យមានស្ថិរភាព៕
ដោយ៖ សិលា សារិន