ក្រសួងឧស្សាហកម្ម ធ្វើសិក្ខាសាលាផ្សព្វផ្សាយ”ច្បាប់ស្តីពីការគ្រប់គ្រង​ទឹកស្អាត”ដល់រដ្ឋបាលខេត្តបាត់ដំបង និងខេត្ត​ប៉ៃលិន

បាត់ដំបង៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ រួមជាមួយ​រដ្ឋបាលខេត្ត​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ “ ច្បាប់​ស្តីពីការគ្រប់គ្រងទឹកស្អាត “ដល់ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។

ពិធីដែលប្រារព្ធនៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង បានប្រព្រឹត្តទៅ​ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលខេត្តស្តីទីខេត្តបាត់ដំបង ។

គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយគឺដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីសមត្ថកិច្ច និងសិទ្ធិ ក្នុងការទទួលខុសត្រូវរបស់ ភាគីពាក់ព័ន្ធទាំងអស់។ ការដោះ​ស្រាយ​វិវាទ និងទោសប្បញ្ញត្តិ ដែលត្រូវបានកំណត់ដោយច្បាប់ជូនដល់ថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋាករទឹកបាត់ដំបង ប្រតិបត្តិករនិងក្រុមហ៊ុនសាងសង់ ដែលមាន​មូលដ្ឋាន​អាជីវ​កម្ម​ផ្គត់ផ្គង់ទឹកស្អាត​ក្នុងខេត្តបាត់ដំបង និង ខេត្តប៉ៃលិន។

ឯកឧត្តមអភិបាលខេត្តស្តីទីខេត្តបានលើកឡើងថា បច្ចុប្បន្នប្រតិបត្តិករទឹកស្អាត កំពុងតែខិតខំបម្រើសេវាជូនដល់ប្រជាពល​រដ្ឋ​ទូទៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណា​ឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្របដណ្តប់ ទទួលបាននិងមានទឹកស្អាត​ប្រើប្រាស់។
ខេត្តបាត់ដំបងមានប្រតិបត្តិករទឹកស្អាតឯកជនចំនួន២៨និងអង្គភាពនៃរដ្ឋាករទឹកបាត់ដំបងចំនួនមួយស្ថិតនៅ​ក្នុងស្រុក​១៣និងក្រុងមួយ និងមានវិសាលភាពគ្រប​ដណ្ដប់នូវក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៤០០ភូមិ និងមានបណ្តាញ​ភ្ជាប់ទឹកស្អាត ប្រវែងជាង ២ ៤១៦គីឡូម៉ែត្រ។

ថ្លែងបើកអង្គសិក្ខាសាលានេះ ឯកឧត្តម អ៊ុ សុថា បានណែនាំ និងជំរុញដល់​អាជ្ញាធរ ឃុំ សង្កាត់ នៅក្នុងខេត្តបាត់ដំបង និង នៅខេត្តប៉ៃលិន ត្រូវយក​ចិត្តទុកដាក់ក្នុងការចូលរួមជួយមើលថែទាំ​ ទំនុកបម្រុង និងសហការជាមួយ​ប្រតិបត្តិករទឹកស្អាត​ដែលមានក្នុងមូលដ្ឋានរបស់ខ្លួនក្នុងការធានា និងផ្គត់ផ្គង់​ទឹកស្អាត ដែលមានគុណភាព និរន្តភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់ខ្លួន។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា តាមរយៈអង្គសិក្ខាសាលានេះគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងនាំយកចំណេះដឹងស្ដីពី​ច្បាប់​គ្រប់គ្រងទឹកស្អាតទៅចែករំលែកដល់អ្នកដែលមិនបានចូលរួម។ជាពិសេស សិក្ខាកាម​ទាំងអស់ នឹងកាន់តែយល់ច្បាស់និងឈ្វេងយល់អំពីបញ្ហាប្រឈមនានា​ក្នុង​ការអនុវត្តច្បាប់”ស្តីពីការគ្រប់គ្រងទឹកស្អាត”៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner