រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំពិភាក្សាអំពីសក្តានុពលក្នុងការអនុវត្តគម្រោងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ

បន្ទាយមានជ័យ៖នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំ មន្ត្រី​រាជការនៃមន្ទីរពាក់ព័ន្ធកាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២៥បាន​បើក​កិច្ចប្រជុំ​ពិភាក្សាអំពីសក្តានុពលក្នុង​ការអនុវត្តគម្រោង​ការប្រែប្រួលអាកាសធាតុ និង​គ្រោះមហន្តរាយធម្មជាតិ ក្នុងនោះបញ្ហាទឹកជំនន់ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កិច្ចប្រជុំនេះ​សំដៅអនុវត្តផែនការយុទ្ធសាស្ត្រឆ្លើយតប​បន្ទាន់ ដើម្បីធានាជនដែល​ងាយ​រងគ្រោះបំផុតទទួលបានការការពារ និងគាំទ្រប្រកបដោយសុវត្ថិភាព និង​ទទួលបានជំនួយ​សង្គ្រោះដើម្បីបំពេញនូវការខ្វះខាតជីវភាពប្រចាំថ្ងៃ និង ដើម្បីកសាងជីវភាពរស់នៅរបស់ពួកគេប្រកបដោយ​និរន្តរភាព​ពីផលប៉ះពាល់​គ្រោះទឹកជំនន់ ។

លទ្ធផលនៃកិច្ចពិភាក្សានេះ គ្រួសារដែលងាយរងគ្រោះដោយទឹកជំនន់ទាំងអស់​ទទួលបានការជួយ​ពីក្រុមការងារ​ក្នុង​ការជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព​គ្រាមានអាសន្នទឹកជំនន់ក៏ដូចជាទទួលបានការការពារសុវត្ថិភាពពីហានិភ័យ​នានាផងដែរ។ ម៉្យាងវិញទៀតនោះ ការរស់នៅនេះក៏ទទួលបានជម្រកសមរម្យ​មានសុវត្ថិភាព មានទឹកស្អាតប្រើប្រាស់ និងផ្ដល់នូវអាហារ សម្ភារៈប្រើប្រាស់គ្រប់​គ្រាន់ជាមួយការគិតគូសុខភាពបឋមដល់ជនរងគ្រោះទឹកជំនន់ឬគ្រោះធម្មជាតិ​នានាផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានគាំទ្រលើកទឹកចិត្តដល់អង្គការដៃគូ សប្បុរសជន និងក្រុម​ការងារគ្រោះមហន្តរាយធម្មជាតិដែល​បានចូលរួមអនុវត្តបាននូវផែនការ​យុទ្ធសាស្ត្រឆ្លើយតបបន្ទាន់លើដំណោះស្រាយគ្រោះទឹកជំនន់ឬគ្រោះធម្មជាតិនានានៅក្នុងខេត្តបន្ទាយមានជ័យ ៕

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានរំលឹកថា ខេត្តបន្ទាយមានជ័យ បានជួបប្រទះនូវ​គ្រោះមហន្តរាយធំៗជា​ច្រើន​ដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងទឹកជំនន់កើតមានឡើងជាបន្តបន្ទាប់ស្ទើររៀងរាល់ឆ្នាំ ដែលបាន​រំខានដល់ការ​រស់នៅរបស់ប្រជាពលរដ្ឋ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងខូចខាតហេដ្ឋារចនា​សម្ព័ន្ធមូលដ្ឋាន ជាដើម។ដោយសារគ្រោះមហន្តរាយធម្មជាតិទាំងអស់នេះ​ហើយ​បានផ្ដល់បទពិសោធន៍គ្រប់គ្រាន់ឱ្យក្រុមការងាកំណត់នូវយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់ធានាដល់ជនដែលរងគ្រោះពីធម្មជាតិពិសេសទឹកជំនន់ ប្រកបដោយ​សុវត្ថិភាព៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner