ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំក្រុមការងារចេញទៅជជែកចរចាជាមួយអាម៉េរិកពាក់ព័ន្ធបញ្ហាពន្ធទំនិញ
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធាន ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥នេះបានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ដើម្បីចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ខាងមុខ.
បេសកម្មនេះត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ (Zoom) ចំនួនពីរលើក ជាមួយ ភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។ជំនួបលើកទី១ បាន ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសានៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនោះដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងមានការចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំធ្វើឡើង តាមប្រព័ន្ធ Zoom ជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។
ដោយឡែកជំនួបលើកទី២តបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែឧសភានៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយបានជួបប្រជុំពិភាក្សាតាមប្រព័ន្ធ Zoom ជាមួយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ កិច្ចប្រជុំលើកទី២នេះ បានផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមលក្ខណៈសម្រាប់ការចរចាដោយផ្ទាល់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅថ្ងៃទី១៤ និងទី១៥ ខែឧសភាខាងមុខនេះ។
សូមជម្រាបថា បច្ចុប្បន្នភាគីកម្ពុជា តាមរយៈក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាប្រធាន អនុលោមតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានត្រៀមលក្ខណៈរួចរាល់គ្រប់ជ្រុងជ្រោយក្នុងការចូលរួមក្នុងកិច្ចចរចាទ្វេភាគី លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយបើកទូលាយ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដែលមានភាពស៊ីជម្រៅប្រកបដោយសមធម៌ និងតុល្យភាពសំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមកជូនប្រជាជាតិ និងប្រជាជនប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយនេះ៕





ដោយ៖ង៉ាន ទិត្យ