យុវជនថ្នាលវ័យក្មេងខ្លាំង នឹងត្រូវបានផ្តល់ឱកាសចូលរួមជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
(ភ្នំពេញ)៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ សម្រាប់ ប្រភេទកីឡាតេក្វាន់ដូ ITF ដែលបានដំណើរការប្រកួតប្រជែងអស់រយៈពេលជាច្រើនថ្ងៃ បានស្វែងរកឃើញជើងខ្លាំងទាំង៦វិញ្ញាសា ខណៈជើងខ្លាំងវ័យក្មេងទាំងនោះក៏ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាអំឡុង ខែ មិថុនា ឆ្នាំ២០២៥។
ឯកឧត្តម កែវ កែវ រេមី ទេសរដ្ឋមន្ត្រី ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានថ្លែងរំលេចថា កម្ពុជាជាប្រទេសមុនដំបូងគេដែលរៀបចំការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលមានប្រភេទអាយុចាប់ពី១០ឆ្នាំឡើងទៅ ។ ការផ្តល់ឱកាសដល់កីឡាករវ័យក្មេងទាំងអស់នេះ ជាការដុសខាតអភិវឌ្ឍន៍សមត្ថភាព ពង្រឹងបទពិសោធន៍បច្ចេកទេស ពិសេស ជំរុញដល់ភាពក្លាហា និង បណ្តុះឱ្យមានយុវជនបន្តវេនមេដាយមាសសម្រាប់ពេលខាងមុខ ដើម្បីកម្ពុជា ។ខណៈចក្ខុវិស័យតេក្វាន់ដូ ITFកម្ពុជា គឺត្រូវតែមានជើងខ្លាំងវ័យក្មេងបន្តវេនមេដាយមាសកម្រិតអន្តរជាតិបន្តពីរៀមច្បង ដែលមានស្មាដៃជូនជាតិ ដូចជា កីឡាករឆ្នើម ប៉ាល់ ជីវ័ន្តជាដើម។
សូមបញ្ជាក់ថា មន្ទីរអប់រំយុវជននិងកីឡា ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយចំនួន ៣ គ្រឿង មេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង រាជធានីភ្នំពេញដណ្តើមបានមេដាយមាស ២ គ្រឿង ខេត្តត្បូងឃ្មុំដណ្តើមមេដាយចំនួន ៣ គ្រឿង មេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង និងខេត្តខេត្តរតនគីរីដណ្តើមមេដាយចំនួន ៤ គ្រឿង មេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។
យើងតាមការបញ្ជាក់ បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានឲ្យដឹងថា ប្រភេទកីឡាតេក្វាន់-ដូ ITF មានចំនួន ៨ រាជធានី ខេត្តចូលរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តរតនគីរី និងរាជធានីភ្នំពេញ និងមានអត្តពលិកសរុប ៤៥នាក់ ក្នុងនោះមានកុមារា ២១នាក់ និងមានកុមារី ២៤នាក់ ។ ការប្រកួតមាន ៦វិញ្ញាសា ជាដូចជាវិញ្ញាសាមេគុនឯកត្តជន កុមារា អាយុចាប់ពី (៦ឆ្នាំ ដល់ ៩ឆ្នាំ) វិញ្ញាសាមេគុនឯកត្តជន កុមារី អាយុចាប់ពី (៦ឆ្នាំ ដល់ ៩ឆ្នាំ) វិញ្ញាសាមេគុនឯកត្តជន កុមារា អាយុចាប់ពី (១០ឆ្នាំ ដល់ ១២ឆ្នាំ) វិញ្ញាសាមេគុនឯកត្តជន កុមារី អាយុចាប់ពី (១០ឆ្នាំ ដល់ ១២ឆ្នាំ) វិញ្ញាសាមេគុនក្រុម កុមារា អាយុចាប់ពី (៦ឆ្នាំ ដល់ ១២ឆ្នាំ) វិញ្ញាសាមេគុនក្រុម កុមារី អាយុចាប់ពី (៦ឆ្នាំ ដល់ ១២ឆ្នាំ)៕







រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ