ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដឹកនាំក្រុមការងារចេញទៅជជែក​ចរចាជាមួយអាម៉េរិកពាក់ព័ន្ធ​បញ្ហាពន្ធ​ទំនិញ

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធាន ក្រុម​ការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក នាវេលា​ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ​២០២៥នេះបានដឹកនាំក្រុមការងារធ្វើ​ដំណើរ​ទៅសហរដ្ឋអាម៉េរិក ដើម្បីចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋ​អាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ខាងមុខ.

បេសកម្មនេះត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ចំនួនពីរលើក ជាមួយ ភាគីតំណាងពាណិជ្ជ​កម្ម​សហរដ្ឋ​អាម៉េរិក (United States Trade Representative – USTR)។ជំនួបលើកទី១ បាន ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសានៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនោះដឹកនាំ​ដោយ​ឯកឧត្តម ឧបនា​យ​ករដ្ឋមន្ត្រី និងមានការចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា។ កិច្ចប្រជុំធ្វើឡើង ​​តាមប្រព័ន្ធ Zoom ជាមួយ​លោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។

ដោយឡែកជំនួបលើកទី២តបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែឧសភានៅទីស្តីការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយបានជួបប្រជុំពិភាក្សាតាមប្រព័ន្ធ Zoom ជាមួយលោកស្រី Sarah Ellerman អនុប្រធានតំណាង​ពា​ណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុក​តំបន់អាស៊ីអាគ្នេយ៍ និងប៉ា​ស៊ីហ្វិក។ កិច្ចប្រជុំ​​លើក​ទី២នេះ បានផ្តោតសំខាន់​លើវឌ្ឍនភាពការងារ និងការ​ត្រៀមលក្ខណៈសម្រាប់ការ​ចរចាដោយផ្ទាល់លើ​កិច្ចព្រមព្រៀងពា​ណិ​ជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅថ្ងៃទី១៤ និងទី១៥ ខែឧសភាខាងមុខនេះ។

សូមជម្រាបថា បច្ចុប្បន្នភាគីកម្ពុជា តាមរយៈក្រុមការងារចំពោះកិច្ច​សម្រប​សម្រួល​ទំនាក់​ទំនងពាណិជ្ជកម្ម និងវិនិយោគ​ទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាប្រធាន អនុលោមតាមការ​ចង្អុល​បង្ហាញដ៏ខ្ពង់ខ្ពស់ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេច​មហា​បវរធិបតីនាយករដ្ឋមន្ត្រី បានត្រៀមលក្ខណៈរួចរាល់គ្រប់ជ្រុង​ជ្រោយ​ក្នុងការចូលរួមក្នុងកិច្ចចរចាទ្វេភាគី លើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មបដិការ​ដោយបើកទូលាយ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ក្នុង​ន័យ​ស្ថាប​នា និងផលិតភាព​ជាមួយភាគីអាម៉េរិក ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន​នូវទំនាក់ទំនងពាណិជ្ជកម្ម​ទ្វេភាគី ដែលមាន​ភាពស៊ីជម្រៅប្រកប​ដោយ​សមធម៌ និងតុល្យភាពសំដៅលើក​កម្ពស់ឧត្តមប្រយោជន៍​ទៅ​វិញ​ទៅមកជូនប្រជាជាតិ និងប្រជា​ជន​ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយនេះ៕


ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner