ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់៖ វិស័យការទូតកម្ពុជាមួយរយៈនេះ មានភាពសកម្មកាន់តែច្រើនក្នុងទិសដៅពង្រីកចំណងមិត្តភាពនិងក៏ដូចជាលើកកម្ពស់សន្តិភាពនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ខែចុងក្រោយនេះវិស័យការទូត​របស់​កម្ពុជា​​មានភាពសកម្ម និងមមាញឹកជាងប្រក្រតី តាមរយៈព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើនក្នុងទិសដៅដើម្បីពង្រីកមិត្តភាព ជាមួយបណ្តា​ប្រ​ទេសនានានិងក៏ដូចជាលើកកម្ពស់សន្តិភាពនៅកម្ពុជា។

ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ក្រោមមូលបទ៖ «កម្ពុជា​ឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី​ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេសបញ្ជាក់ថាសម្រាប់សកម្មភាពសំខាន់ៗដែលកម្ពុជាសម្រេចបាននាកន្លងមកនេះមានដូចជា ដំណើរទស្សនកិច្ច​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ ដំណើរ​ទស្សនកិច្ច​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន កិច្ចពិភាក្សាមួយចំនួនតាមប្រព័ន្ធ​ទូរស័ព្ទ​របស់​សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី ជាមួយនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី ជាមួយនាយករដ្ឋមន្ត្រីសិង្ហបូរី និងជាមួយនាយក​រដ្ឋមន្ត្រីអូស្ត្រាលី ជាដើម រួមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋ​របស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រមកកម្ពុជាដើម។

ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់ បានបញ្ជាក់បន្ថែមថា កម្ពុជាពិតជា​បាន​បន្ត​រឹតចំណងមេត្រីភាពជាមួយនឹងបណ្តាមិត្តចាស់ (មិត្តប្រពៃណី) ហើយទន្ទឹមនេះក៏បានខិតខំកសាងមិត្តថ្មីជាមួយ​បណ្តាប្រទេសដៃគូថ្មីថ្មោង ផងដែរក្នុងនេះជាក់ស្តែងដំណើរ​ទស្សនកិច្ច​របស់សម្តេចតេជោទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ កាលពីពេលថ្មីៗកន្លងទៅនេះគឺបានស្តែង​ឱ្យ​ឃើញនូវកិត្យានុភាពខ្ពស់ត្រដែតឡើងជាលំដាប់របស់សម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹមតែក្នុងនាមជាតួអង្គនយោបាយដ៏ឆ្នើម លើឆាកកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងនៅលើឆាកអាស៊ីអាគ្នេយ៍​ថែមទៀតផង។

ឯកឧត្ដមបានលើកឡើងដោយបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សំខាន់ៗ​ទាំងនេះសុទ្ធសឹងតែជាសកម្មភាពការទូតរបស់កម្ពុជានារយៈពេល៣ខែចុងក្រោយនេះ ដែលសកម្មភាពទូតទាំងនេះមានទិសដៅចំនួន៣​ក្នុងនេះដូចជា ទី១ ការពង្រឹង និងពង្រីកចំណងមិត្តភាព ទី២ ការផ្តល់​សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីវិបុលភាពរួម និងផលប្រយោជន៍ចែករំលែកគ្នាទៅវិញទៅមករវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសដៃគូ និងទី៣ ការថែរក្សា និងលើកកម្ពស់សន្តិភាព​នៅកម្ពុជា នៅក្នុងតំបន់ និងនៅក្នុងពិភពលោក។

ជាមួយគ្នានេះឯកឧត្ដមហ្សង់ ហ្រ្វង់ស័រតាន់ បានថ្លែងដោយបញ្ជាក់​ដែរថា សម្រាប់ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រ​ឡេ​ស្តេនេះ​សម្តេចតេជោប្រធានព្រឹទ្ធសភាបានចូលរួមចំណែកក្នុងការ​បង្ហាញនូវឆន្ទៈដ៏មោះមុតរបស់កម្ពុជាក្នុងការបន្តកសាងបណ្តាញសម្ព័ន្ធភាពមួយរឹងមាំ និងប្រកបទៅដោយតុល្យភាពល្អ ពង្រឹងមិត្តភាព ជាពិសេសជាមួយបណ្តាប្រទេសជិតខាងកម្ពុជា និងជាមួយបណ្តា​ប្រទេស​ជាសមាជិកអាស៊ាន ដែលជាអ្វីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីបន្តខិតខំធ្វើ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner