រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវានៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានមន្ទីរ​សុខាភិបាលជាសេនាធិការកាលពីថ្ងៃទី៣ ខែមិថុនា​បាន​ប្រារព្ធ​ទិវាឆ្មបជាតិ-អន្តរជាតិ ២០២៥ ក្រោមប្រធានបទ៖ឆ្មបបំពេញ​តួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមាន​គ្រោះអាសន្ន គ្រោះ​មហន្តរាយ នៅសាលាខេត្ត។

ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរ​សុខា​ភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងពីទិវា​​​នេះ​ជាការ​បន្តពង្រឹង ពង្រីកបណ្តាញឆ្មប និងសមត្ថភាពឆ្មប ដោយសហការ​យ៉ាងជិតស្និទ្ធជាមួយសហព័ន្ធឆ្មបអន្តរជាតិ និងបង្កើនទំនាក់​ទំនង​រវាងមន្ត្រីក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូ​អភិវឌ្ឍន៍ ដែលមានទិសដៅដូចគ្នា ក្នុងការ​ថែទាំសុខភាពមាតា និងទារក ។សកម្មភាពនេះដើម្បីធានានូវឆ្មបដែលមាន​ជំនាញ​គ្រប់គ្រាន់ ក្នុងការផ្តល់សេវា​មាន​គុណភាពជូនដល់ស្ត្រី មាតា កុមារ និងទារកក្នុងការចូលរួមចំណែកកាត់បន្ថយអត្រាមរណៈ​ភាពមាតា ទារក និងកុមារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ។

ដោយឡែកខេត្តបន្ទាយមានជ័យមានឆ្មបសរុបចំនួន៥៥០ នាក់។ ក្នុងនោះមានឆ្មបសេវារដ្ឋ​ចំនួន៤៨២នាក់​និងឆ្មប​សេវាឯកជន៦៨​នាក់។

តាមរយៈព្រឹត្តិការណ៍ដែលកំពុងប្រារព្ធឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យបន្តបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពនិងជំរុញដល់ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពតាមពេលកំណត់របស់គ្រូពេទ្យឬមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់។ទន្ទឹមនេះស្ត្រីមានផ្ទៃពោះក៏ត្រូវមកសម្រាលកូន នៅមណ្ឌល​សុខភាព ឬមន្ទីរពេទ្យបង្អែក។គ្រូពេទ្យក៏ត្រូវយកចិត្តទុកដាក់​ដល់សុខភាពក្រោយពេល សម្រាល​ទាំងមាតា​ទាំងទារក ព្រម​ទាំងបន្តតាមដានសុខភាពកុមារតូចតាមកាលកំណត់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទាំងគ្រូពេទ្យនិងឆ្មបត្រូវ​យកចិត្តទុកដាក់លើសុខុមាលភាពនិងសុវត្ថិភាពស្ត្រីមានផ្ទៃពោះក៏ដូចជាមាតានិងទារក ដើម្បីបញ្ជៀសនូវអត្រាមរណៈមាតា​និងទារក ៕
ដោយ៖គៀន ច័ន្ទហ៊ីន

ads banner