កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១លានដុល្លា លេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិ​ខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រ​ធានបានឧបត្ថម្ភថវិកា ១លានដុល្លាអាម៉េរិក ជាលេីកទី១៤ ដល់មូលនិធិគន្ធបុប្ផា​កម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រ​ធានអចិន្ត្រែយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាក​បាទក្រហម​កម្ពុជា នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។

ក្នុងជំនួបសវនាការនៃពិធីប្រគល់ និងទទួលថវិកានេះ លោកជំទាវបណ្ឌិត អនុប្រធាន​អចិន្ត្រៃយ៍ បាននាំនូវប្រសាន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានដែលផ្តាំផ្ញេីសួរសុខទុក្ខ និងកោតសសេីរចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា និងក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យ​គន្ធបុប្ផា ដែលខិតខំគៀងគរមូលនិធិ តាមរយះការបេីកយុទ្ធនាការ នាពេលថ្មីៗនេះ និងខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺ ប្រកបដោយប្រសិទ្ធិភាព និងការទទួល​ខុស​ត្រូវខ្ពស់ ក្នុងការសង្គ្រោះអាយុជីវិតទារក កុមារ និងស្ត្រី ។ បន្ថែមពីនេះ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ក៏បានបញ្ជាក់ថា ទោះក្នុងកាលទេសណាក៏ដោយ ក៏កាកបាទក្រហម​កម្ពុជា នៅតែបន្តចូលរួមចំណែកឧបត្ថម្ភដល់មូលនិធិគន្ធាបុប្ផាកម្ពុជា ព្រោះថវិកា​ដ៏ច្រើន​នេះ ពិតជាបានរួមចំណែកដល់ការពិនិត្យ ព្យាបាលកុមារនិងទារកដែល​មាន​ជំងឺ និងស្រ្តីមានផ្ទៃពោះ រាប់ម៉ឺននាក់ ដោយឥតគិតថ្លៃនិងប្រកបដោយគុណភាព និងពុំមានការរើសអើង ។

ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផា​កម្ពុជា បានបញ្ជាក់ថា៖ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ​ជា​ផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំង​ទ្វេ ជាស្ថាបនិក និងជាប្រធានកិត្តិយស របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

លោកជំទាវឲ្យដឹងថា៖ ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត បានផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ ឈរជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។ ដូច្នេះការប្រគល់ថវិកាវិភាគ​ទានដ៏ច្រេីនសន្ធឹកសន្ធាប់នៅថ្ងៃនេះ មានសារ:សំខាន់ណាស់សម្រាប់ការបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងសុខភាពទារក និងកុមារ នៅកម្ពុជា ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ ជាពិសេសដើម្បីចូលរួមរក្សា​និរន្តរ ភាព នៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និង​ខេត្តសៀមរាប ។

បេីយោងតាមរបាយការណ៍លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា​៖ ពេទ្យគន្ធបុប្ផាបានចំណាយ ថវិកាចំនួនប្រមាណ ៤៣ លានដុល្លារអាម៉េរិក ក្នុង​មួយ​ឆ្នាំៗ។ ជាក់ស្តែង គ្រាន់តែ ក្នុងរយៈ ពេល ៥ ខែ ឆ្នាំ ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាប្រមាណជាង ១៨ លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មផ្តល់​សេវាពិនិត្យ និង ព្យាបាលជំងឺ ដល់ទារក កុមារ និងសេវាសម្ពពដោយបានពិនិត្យ​ព្យា​បាលទារក និងកុមារជាង ៤០ ម៉ឺនករណី។ ដូចនេះថវិកា ១លានដុល្លាអាម៉េរិករបស់​កាកបាទក្រហមកម្ពុជាអាចជួយបានប្រមាណ ៤ម៉ឺននាក់ ។

សូមជម្រាបថា៖ បន្ទាប់ពីបញ្ចប់សវនាកាលោកជំទាវបណ្ឌិត បានប្រគល់ថវិកា ១លានដុល្លាអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជាភ្លាមនោះ លោកជំទាវ ប៉ែន សុបភា អនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បាន​ប្រគល់​បន្តជូនទៅមន្ទីរពេទ្យបុប្ផា ដែលទទួលលោកសាស្ត្រាចារ្យ គី សន់ទី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner