មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងពាក់ព័ន្ធអញ្ជើញពិនិត្យវាយតម្លៃលើការងារថែទាំប្រចាំផ្លូវកៅស៊ូ និងផ្លូវល្បាយក្រួស ចំនួន៥ខ្សែនៅខេត្តបាត់ដំបង
បាត់ដំបង៖ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ក្រុមការងារអន្តរក្រសួង មន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យវាយតម្លៃលើការងារថែទាំប្រចាំនូវផ្លូវកៅស៊ូ,ផ្លូវល្បាយក្រួស និងផ្លូវល្បាយថ្មចំនួន ៥ខ្សែ និងប្រវែងសរុបជាង ៧៨ គីឡូម៉ែត្រក្នុងភូមិសាស្ត្រ ស្រុក ក្រុង មួយចំនួននៃខេត្តបាត់ដំបង។

ផ្លូវទាំង៥ខ្សែនេះអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងក្នុងនោះមាន៖ ផ្លូវក្រាលកៅស៊ូនៅឃុំស្ដៅ ស្រុករតនមណ្ឌលប្រវែង ២៩.២០០ម៉ែត្រ,ផ្លូវនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុកបាណន់ ប្រវែង ៦.៤០០ម៉ែត្រ។ដោយឡែកផ្លូវល្បាយក្រួសនិងផ្លូវល្បាយកម្ទេចថ្មចំនួន៣ខ្សែ ប្រវែង ៤៣ ១០០ម៉ែត្រ ស្ថិតនៅឃុំកំរៀងស្រុកកំរៀង ឃុំស្ដៅ ស្រុករតនមណ្ឌល និងឃុំសំពៅលូន ស្រុកសំពៅលូន ។

ក្នុងឱកាសត្រួតពិនិត្យ ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់និងកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដែលបានបំពេញកាតព្វកិច្ចក្នុងការងារអនុវត្តគម្រោងខាងលើដោយការទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យសម្រេចបាននូវលទ្ធផលល្អប្រសើរទទួលយកបាន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំមន្ត្រីអនុវត្តគម្រោងផ្ទាល់ និងថ្នាក់ដឹកនាំមន្ទីរបន្តយកចិត្តទុកដាក់បន្ថែមក្នុងការចុះត្រួតពិនិត្យមើលផ្លូវ និងថែទាំឱ្យបានជាប់ជាប្រចាំ ពិសេសផ្លូវនៅតាមជនបទក្នុងរដូវវស្សា ធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរួមជាមួយការអប់រំផ្សព្វផ្សាយឱ្យចូលរួមថែរក្សាផ្លូវផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប


