អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី ចាប់ផ្តើមសាងសង់

រតនគិរី៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជនកម្ពុជានិងលោកងិន ណែល អភិបាលខេត្តរតនគិរី​ស្តីទីកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូល​រួម​បញ្ចុះបឋមសិលាសាងសង់ ទីស្នាក់ការសមាគមអតីត​យុទ្ធជន​កម្ពុជា(ស.អ.ក)។អគារស្នាក់ការនេះ​ជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជាតាមរយៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី ។

សំណង់ដែលត្រូវសាងសង់មានទំហំ ២០,៨ ម៉ែត្រ គុណនឹង ១១ម៉ែត្រ មានទីតាំងនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (អតីតព្រលានយន្តហោះចាស់)។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងកោត​សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែក​ពីគ្រប់​ភាគីពាក់ព័ន្ធ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់​បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាម​ស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន​កម្ពុជា​កាលពីអតីតកាល។ ក្នុងនោះសមាគមអតីតយុទ្ធជនខេត្តរតនគិរី ក៏បានបំពេញតួនាទីភារកិច្ច របស់ខ្លួនយ៉ាង​ល្អប្រសើរ ហើយ​ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលនឹងត្រូវ​ធ្វើការសាងសង់នាពេលនេះ នឹងក្លាយជាទីតាំងដ៏​មាន​សារៈសំខាន់បំផុត សម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់​សមាគម។

នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានជូនអំណោយដល់គ្រួសារអតីតយុទ្ធជន ចំនួន៥១គ្រួសារ។អំណោយមាន អង្ករ មីកញ្ចប់ ទឹកត្រី ត្រីខ ប៊ីចេង អំបិល និងថវិកាមួយចំនួន៕
ដោយ៖ គតិ យុត្ត

ads banner