ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បញ្ជាក់អំពីចំនួនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២២ ខែកក្កដានេះថា អ្នកសង្កេតការណ៍ជាតិដែល គ.ជ.ប ទទួលស្គាល់ជាផ្លូវការមានចំនួន ៨៩៥៦២នាក់ មកពីអង្គការ សមាគម ចំនួន១៤៤ និងមានអ្នកសង្កេតការណ៍ចល័តចំនួន ១៥៧នាក់។ អង្គការ សមាគម ដែលដាក់អ្នកសង្កេតការណ៍ច្រើនជាងគេ គឺសហភាពសហព័ន្ធយុវជនកម្ពុជា, សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍, ខុមហ្វ្រែល។

ឯកឧត្តម សោម សូរីដា បានបន្តថា អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស និងប្រតិភូដែលអញ្ជើញដោយ គ.ជ.ប សរុបមានចំនួន៦០៤នាក់ មកពីអង្គការ សមាគម និងប្រទេស ចំនួន៥៩ស្ថាប័ន

អគ្គលេខាធិការរង គ.ជ.ប បានបន្តទៀតថា ភ្នាក់ងារគណបក្សនយោបាយដែលដាក់ភ្នាក់ងារសង្កេតការណ៍ សរុបមានចំនួន៥៧០១២នាក់ (ទាំងភ្នាក់ងារពេញសិទ្ធិ និងបម្រុង) ក្នុងនោះភ្នាក់ងារមកពីគណបក្សប្រជាជនកម្ពុជា មានចំនួន ២៣៧៨៩នាក់ ជាភ្នាក់ងារពេញសិទ្ធិ និងភ្នាក់បម្រុងមានចំនួន ២៣៧៨៩នាក់។ គណបក្សខ្មែររួបរួមជាតិ ភ្នាក់ងារពេញសិទ្ធិចំនួន ៣៣៩៩នាក់ និងបម្រុង ៥៨នាក់, គណបក្សយុវជនកម្ពុជា មានចំនួន ១៥៣នាក់ និងបម្រុង ៧០នាក់, គណបក្សហ៊្វុនស៊ិនប៉ិច ភ្នាក់ងារពេញសិទ្ធិចំនួន ៤៨៦២នាក់ និងបម្រុង ៦៩៨នាក់, គណបក្សខ្មែរឈប់ក្រ ភ្នាក់ងារពេញសិទ្ធិចំនួន ១៧នាក់, គណបក្សឯកភាពជាតិខ្មែរ ភ្នាក់ងារពេញសិទ្ធិចំនួន ១៣៩នាក់, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ភ្នាក់ងារពេញសិទ្ធិចំនួន ៦នាក់ និងបម្រុង២នាក់, គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ ភ្នាក់ងារពេញសិទ្ធិចំនួន ១៥នាក់ និងបម្រុង ១៥នាក់៕
ដោយ៖ពលជ័យ

ads banner