គ.ជ.ប បានផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រេចបានជិត ៩៥ %

អត្ថបទដោយ៖
CPA

ភ្នំពេញ៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រេចបានចំនួន ៩ ២០៩ ១៧៧ បណ្ណ ស្មើនឹង ៩៤,៨៤ % នៃចំនួនអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ៩ ៧១០ ៦៥៥  នាក់ ។  នេះបើតាមតារាងបូកសរុបលទ្ធផលនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោតរបស់ គ.ជ.ប  នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ឱ្យដឹងនៅថ្ងៃទី  ២២ ខែកក្កដានេះថា ចំពោះបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលនៅសេសសល់ មិនមែនមានន័យថា មិនបានចែកជូនប្រជាពលរដ្ឋនោះទេ  គឺដោយសារប្រជាពលរដ្ឋទាំងនោះមិនបានស្ថិតនៅក្នុងឃុំសង្កាត់ដែលពួកគាត់ស្នាក់នៅ  និងមួយទៀត ប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស  ។
ឯកឧត្តមបន្តថា លទ្ធផលនៃការផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ គឺជាតួលេខ មានរហូតទៅដល់ ៩លាន ២សែននាក់ជាង ។ បើគិតជាភាគរយ ប្រជាពលរដ្ឋទទួលបានបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលមានរហូតទៅដល់ ជិត ៩៥ ភាគរយ។
បើតាម គ.ជ.ប ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការនៅទូទាំងប្រទេសកាលពីថ្ងៃទី២៨ ខែឧសភា ហើយបណ្ណព័ត៌មានដែលនៅសល់ត្រូវរក្សាទុក និងចែកបន្តនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
គោលបំណងនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បីជួយដល់អ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការបានយល់ដឹងអំពី លេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត។
 មួយវិញទៀត បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ជួយដល់អ្នកបោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវទៅបោះឆ្នោត និងជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ក្នុងការស្វែងរកឈ្មោះសាមីអ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់រហ័ស ដែលបង្កភាពងាយស្រួលដល់កិច្ចប្រតិបត្តិការបោះឆ្នោតឱ្យកាន់តែមានភាពរលូន និងមិនឱ្យអ្នកបោះឆ្នោតរង់ចាំយូរ។
សូមបញ្ជាក់ជូនថា អ្នកបោះឆ្នោតអាចយកបណ្ណព័ត៌មាននេះមកជាមួយនៅថ្ងៃបោះឆ្នោត ដើម្បីងាយស្រួលរកឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែទោះបីជាអ្នកបោះឆ្នោតមិនបានយកបណ្ណនេះមកជាមួយ ឬពុំបានទទួលបណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឱ្យតែសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងមានឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)៕
 ដោយ:គឹម យុត្ថារ៉ូ

ads banner