អ្នកសង្កេតការណ៍អន្តរជាតិ នឹងចុះទៅមើលការរៀបចំការិយាល័យ បោះឆ្នោត មុនការបោះឆ្នោតមកដល់
ភ្នំពេញ៖
គណៈកម្មាធិការជារៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២២ ខែកក្កដានេះ បានរៀបចំកម្មវិធីស្តីពី នីតិវិធីនៃដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល តួនាទីអ្នកសង្កេតការណ៍បោះឆ្នោតអំឡុងពេលដំណើរការបោះឆ្នោត ជូនអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជា។
គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីទទួលបានការធ្វើបទបង្ហាញទាំងអស់ខាងលើ អ្នកសង្កេតការណ៍អន្តរជាតិ នឹងអញ្ជើញចុះទៅសង្កេតមើលការរៀបចំការិយាល័យបោះឆ្នោតនៅរសៀលថ្ងៃទី២២ខែកក្កដានេះ នឹងចុះទៅសង្កេតមើលការិយាល័យបោះឆ្នោតមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន នៅថ្ងៃទី២៣ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោត។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ប្រាប់ឱ្យដឹងថា កម្មវិធីនេះ ត្រូវបានបារៀបចំឡើង នៅរាជធានីភ្នំពេញ ក្រោមអធិតីភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងមានការចូលរួមពីមន្រ្តីជំនាញ និងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនរូបទៀត។គោលបំណងនៃកម្មវិធីនេះ ធ្វើឡើងផ្តោតទៅលើនីតិវិធី ដែលអ្នកសង្កេតការណ៍អន្តជាតិត្រូវស្វែងយល់ និងដឹងឱ្យបានច្បាស់ពីដំណើការទូទៅនៃការបោះឆ្នោតនៅកម្ពុជា ។
ឯកឧត្តមថ្លែងថា៖«អ្នកសង្កេតការណ៍អន្តរជាតិ ត្រូវដឹងពីនីតិវិធី ចំពោះដំណើរការទូទៅនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅថ្ងៃស្អែកនេះ ព្រោះជារឿងសំខាន់» ។
ថ្លែងនៅក្នុងពិធីបើកដំណើរការកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិនោះឯកឧត្តម នុត សុខុម បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ដែលបានមកតាមការអញ្ជើញរបស់ គ.ជ.ប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ។ លោកបានបញ្ជាក់ថា៖« ក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ គ.ជ.ប កម្ពុជា បានប្រព្រឹត្តិទៅជាទៀងទាត់ នូវការបោះឆ្នោតជាតិ និងថ្នាក់ក្រោមជាតិ ដូចដែលបានកំណត់ក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»៕
ដោយ: គឹម យុត្ថារ៉ូ



