លោកជំទាវ ឃួន សុដារីជួបសម្តែងការស្វាគមន៍គណៈប្រតិភូចិនដែលបានចូលរួមសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជា
(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបង្ហាញការស្វាគមន៍ និងទទួលជួបគណៈប្រតិភូក្រសួងទំនាក់ទនងអន្តរជាតិនៃគណបក្សកុម្មុយនិស្តចិន នាឱកាសនៃការមកបំពេញទស្សនកិច្ច និង ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឈាន ហុងសាន (Qian Hongshan) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិន នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភំ្នពេញ ។
លោកជំទាវ ឃួន សុដារី បានបញ្ជាក់ថា ៖ ទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ គឺស្របពេលដែលគណបក្ស សភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកំពុងរៀបចំខួប ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន (១៩ កក្កដា ១៩៥៨-១៩ កក្កដា ២០២៣)។ ដូចនេះ ដំណើរមកកាន់កម្ពុជា របស់ ឯកឧត្តម នាពេលនេះ នឹងចូលរួមចំណែកបន្ថែមនូវការពង្រឹងពង្រីកនូវចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលមានស្រាប់ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះ ឱ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកដ៏ធំធេង សម្រាប់ប្រជាជន គណបក្ស និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិន បានថ្លែងថា នេះជាលើកទី១ របស់ឯកឧត្តម ដែលបានមកប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានព្រឹត្តិការណ៍ដ៏សំខាន់ធំមួយគឺការបោះឆ្នោត ដែលនេះរឿងសំខាន់មួយរបស់ប្រជាជនកម្ពុជា ហើយឯកឧត្តមក៏ចាត់ទុកព្រឹត្តិការណ៍នេះជាការណ៍សំខាន់របស់ប្រទេសចិនផងដែរ។ ឯកឧត្តម បានលើកកោតសរសើរពីសម្រស់នៃទឹកដីកម្ពុជាដ៏ស្រស់ផូរផង់ ជាមួយនឹងការអភិវឌ្ឍដ៏រីកចម្រើន ព្រមទាំងជីវភាព និងការរស់នៅរបស់ប្រជាជនកម្ពុជា ប្រកបដោយភាពសុខដុមរមនា។
ឯកឧត្តម បានកត់សម្គាល់យ៉ាងពិតជាក់ស្តែងនៃការបិទយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី ២១ ដែលមានដំណើរការយ៉ាងរលូន ប្រកបដោយសណ្តាប់ធ្នាប់ល្អ សុខសុវត្ថិភាព គ្មានអំពើហិង្សា និងភាពសប្បាយរីករាយ ដែលបានសម្តែងចេញពីបេះដូងរបស់ប្រជាជនកម្ពុជា ៕
អត្ថបទ:លោក ជិន ម៉ាដេប៉ូ
រូបភាព:លោក ងីម ឆៃហួត






