ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ សរសើរសម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសពីសង្គ្រាមមកសន្តិភាព និងមានការអភិវឌ្ឍ ខណៈជីវភាពប្រជាជន ត្រូវបានលើកតម្កើង
(ភ្នំពេញ)៖ ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ បានសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសពីសង្គ្រាមមកសន្តិភាព និងមានការអភិវឌ្ឍទាំងសេដ្ឋកិច្ច នយោបាយ ខណៈជីវភាពប្រជាជនត្រូវបានលើកតម្កើង។ នេះជាការលើកសរសើររបស់ថ្នាក់ដឹកនាំនៃអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ប្រមាណ៤០០នាក់ ដែលបានចូលជួបពិភាក្សា និងសម្ដែងការគួរសមចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
អ្នកសង្កេតការណ៍ទាំងនោះ មកពីប្រទេសចំនួន ៦៥ ដែលក្នុងនោះ មានអង្គការណ៍អន្តរសភា អន្តរដ្ឋាភិបាល អង្គការគណបក្សនយោបាយ ស្ថាប័ននានា អ្នកសង្កេតការណ៍ឯករាជ្យ ដូចជា បារាំង ជប៉ុន អ៊ីស្រាអែល សង្គមស៊ីវិលជាតិ និងអន្តរជាតិ សមាគមខ្មែរក្រៅប្រទេស និងអ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នអន្តរជាតិធំៗ។ ក្នុងនោះ ក៏មានអតីតប្រមុខរដ្ឋ អតីតនាយករដ្ឋមន្ត្រី អតីតប្រធានសភា អនុប្រធានសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងតំណែង។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកសង្កេតការណ៍អន្តរជាតិដែលបានអញ្ជើញមកចូលរួមពិនិត្យ និងតាមដានពីការបោះឆ្នោតនៅកម្ពុជា ដែលបង្ហាញពីការលូតលាស់ប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា ការអញ្ជើញមកសង្កេតការណ៍នៅកម្ពុជានៅក្នុងពេលនេះ គឺមានអ្នកសង្កេតការណ៍អន្តរជាតិច្រើនលើសលប់ លើសពីការបោះឆ្នោតកន្លងទៅ។ សម្ដេច បញ្ជាក់ថា អ្នកសង្កេតការណ៍ទាំងអស់ នឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងឃើញពីការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនអំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជាដែលបានប្រព្រឹត្តទៅទៀងទាត់ ៥ឆ្នាំម្ដង ដែលបង្ហាញថា កម្ពុជាបានអនុវត្តប្រជាធិបតេយ្យ ដែលមានការបោះឆ្នោតទៀងទាត់ ហើយគណបក្សនយោបាយនានា មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ សម្ដេច ក៏បានរៀបរាប់ពីការបោះឆ្នោតនៅកម្ពុជា តាមបែបសមាមាត្រដែលបានអនុវត្តចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សម្ដេចតេជោ បានជម្រាបជូនដល់អ្នកសង្កេតការណ៍ ឲ្យបានដឹងអំពីការត្រៀមសម្រាប់ការផ្ដល់ការបន្តវេន ពោលគឺគណបក្សប្រជាជនកម្ពុជា បានត្រៀមផ្ដល់ឲ្យអ្នកវ័យក្មេងបន្តវេន ដែលបានទទួលការសិក្សាខ្ពង់ខ្ពស់ ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា ក៏បានបោះឆ្នោតជាទៀងទាត់ផងដែរ។
ចំណែកការបង្កើតរាជរដ្ឋាភិបាលថ្មី សម្តេច ក៏បានមានប្រសាសន៍ផងដែរពីកាលបរិច្ឆេទដែលរាជរដ្ឋាភិបាលថ្មីដែលបង្កើតឡើង ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមកិច្ចប្រជុំខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាខាងមុខនេះ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញឲ្យដឹងផងដែរថា គណៈរដ្ឋមន្ត្រីថ្មី បង្កើតឡើង គឺអាស្រ័យទៅលើការបោះឆ្នោតដែលមានសេនារីយ៉ូ គឺ សម្ដេច នឹងអាចបន្ត ឬក៏នឹងរដ្ឋាភិបាលថ្មីដែលមាននាយករដ្ឋមន្ត្រីថ្មី ។ ទាំងនេះជាការគិតគូរយ៉ាងម៉ត់ចត់របស់សម្ដេច និងរបស់គណបក្ស ដើម្បីរក្សាបានស្ថេរភាពនិរន្តរភាព សន្តិភាព និងការអភិវឌ្ឍន៍ ដោយគ្មានឧបសគ្គណាដែលបង្កឲ្យប៉ះពាល់ដល់ជីភាពរស់នៅរបស់ប្រជាជន និងប៉ះពាល់ដល់សេដ្ឋកិច្ចជានោះទេ។
បន្ទាប់ពីបានស្ដាប់នូវការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រតិភូទាំងអស់ ក៏បានបង្ហាញពីការសប្បាយចិត្ត និងបានសិក្សារៀនសូត្រពីការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន ។ បទពិសោធន៍ និងការគិតគូរនេះ បង្ហាញពីភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសដ៏យូរលង់ ប្រកបដោយភាពម៉ឺងម៉ាត់ នាំប្រទេសពីសង្គ្រាមមកសន្តិភាព ពីភាពបែកបាក់មកការរួបរួមគ្នាជាធ្លុងមួយ រស់នៅដោយសុខដុមរមនា និងមានការអភិវឌ្ឍន៍ទាំងសេដ្ឋកិច្ច ទាំងនយោបាយ ជីវភាពប្រជាជនត្រូវបានលើកតម្កើង ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត











