សម្ដេច ម៉ែន សំអន អញ្ជើញបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

(ស្វាយរៀង)៖ សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សម្ដេចម៉ែន សំអន បានថ្លែងថា ក្នុងនាមសម្ដេចជាប្រជាពលរដ្ឋម្នាក់ នឹងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង សូមអបអរសាទរចំពោះប្រជាពលរដ្ឋនៅខេត្តស្វាយរៀងក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានមកបំពេញកាតព្វកិច្ច ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដើម្បីជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត ។

បន្ថែមលើសពីនេះ សម្ដេច ម៉ែន សំអន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀងសូមរួសរាន់អញ្ជើញមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅតាមការិយាល័យនិងមណ្ឌលបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផងដែរ ។

បើតាមលោក ឯម សុត ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបានឲ្យដឹងថា ខេត្តស្វាយរៀងមាន ៨០ មណ្ឌលបោះឆ្នោត ស្មើនឹង ៩៨៤ ការិយាល័យ ចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ មានចំនួន ៤១៥.៩១៩ នាក់ ហើយចំនួននេះមានការកើនឡើងជាងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២ ចំនួន ២៤២៥៧នាក់ ។

លោកបានបន្តថា ខេត្តស្វាយរៀងមានគណបក្សនយោបាយដែលបានចុះបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន ១៣គណបក្ស និងមានចំនួនសមាជិកសភា ៥អាសនៈ ។

លោកបានបន្ថែមថា ក្នុងនោះចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ មកដល់ថ្ងៃបោះឆ្នោតនេះគឺមានភាពល្អប្រសើរពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ហើយចំពោះការការពារសន្តិសុខ ថ្ងៃបោះឆ្នោតថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២៣នេះមានកម្លាំងសរុបចំនួន ៣,១៣៦ នាក់។ក្នុងនោះកម្លាំងនគរបាលចំនួន ១២២៨ នាក់ កម្លាំងកងរាជហត្ថ ១១១នាក់ កម្លាំងកងយុទ្ធពលខេមរៈភូមិន្ទចំនួន ១១០នាក់។

ដោយឡែកចំពោះអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ភ្នាក់ងារគណបក្សនយោបាយមានសមាគមជាតិ អង្គការមិនមែនរដ្ឋាភិបាលមាន ចំនួន ២០ស្ថាប័ន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញបណ្ណ័សម្គាល់ខ្លួនជូនមានចំនួន ៤៩៦៦នាក់ស្រី ២៩៤៧ នាក់ផងដែរ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner