សារព័ត៌មានចិនស៊ីនហួរចុះផ្សាយពីដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ របស់ប្រទេសកម្ពុជា

កណ្តាល៖ អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត (NEC) បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដានេះ មានគណបក្សចូលរួមប្រកួតប្រជែងសរុបចំនួន ១៨។

ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតជាង ៩.៧លាននាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងការបោះឆ្នោតដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជ្រើសរើសសមាជិកសភាសម្រាប់រដ្ឋសភាដែលមាន ១២៥អាសនៈ។ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រាប់សារព័ត៌មានចិនស៊ីនហួរថា ដំណើរការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃអាទិត្យទី២៣ ខែកក្កដានេះ នៅគ្រប់ការិយាល័យបោះឆ្នោតទាំង២៣.៧៨៩ការិយាល័យនៅទូទាំងប្រទេស ហើយនឹងត្រូវបិទនៅម៉ោង ៣៖០០រសៀលថ្ងៃដដែល។

ឯកឧត្តមបន្តថា លទ្ធផលបឋមត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅល្ងាចថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ខណៈដែលលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។
សារព័ត៌មានចិនស៊ីនហួរបានបន្ថែមថា គណបក្សសកម្មក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ គឺគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិល័យលេខ ១៦៩៧ ក្នុងមណ្ឌលសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈដែលព្រះអង្គម្ចាស់ចក្រាវុធ បោះឆ្នោតនៅរាជធានីភ្នំពេញ។

សូមរម្លឹកថា សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨ អាសនៈនៅរដ្ឋសភាកើនឡើងចំនួនពីរអាសនៈ ឡើងដល់ ១២៥អាសនៈ ហើយគណបក្សចូលរួមប្រកួតប្រជែងមានចំនួន ២០គណបក្ស។ ប៉ុន្តែអាសនៈនៅរដ្ឋសភា បានទៅលើគណបក្សប្រជាជនកម្ពុជាទាំង ១២៥អាសនៈ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner