ឯកឧត្តម សាយ សំអាល់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាបេក្ខភាពតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម តឹក រ៉េតសំរេច រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ លោកជំទាវ សេង សុមេត្តា អនុរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅការិយាល័យលេខ ០២៨៦ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
ក្នុងនោះប្រជាពលរដ្ឋ ជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយក្តីសប្បាយរីករាយ និងទឹកមុខញញឹម ដោយមិនមានការភ័យខ្លាចនោះទេ ចំណែកការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បានដំណើរការទៅដោយរលូន និងមានសភាពការណ៍ល្អប្រសើរ ។

សូមបញ្ជាក់ថា ៖ នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣២៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន ៖ គណបក្សខ្មែរតែមួយ , គណបក្សសញ្ជាតិកម្ពុជា , គណបក្សកម្លាំងប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ,គណបក្សស្រ្តីដើម្បីស្រ្តី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច , គណបក្សធម្មាធិបតេយ្យ , គណបក្សឯកភាពជាតិខ្មែរ , គណបក្សយុវជនកម្ពុជា , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ៕





ដោយ ៖ គ្រី សម្បត្តិ