សមត្ថកិច្ចចាប់ខ្លួនលោក ចៅ វាសនា មន្ត្រីបក្សប្រឆាំងដែលញុះញង់ឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល
ភ្នំពេញ៖កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនលោក ចៅ វាសនា មន្ត្រីគណបក្សប្រឆាំង ដែលបានផ្សព្វផ្សាយញុះញង់ឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ការចាប់ខ្លួននេះ នៅប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈពេលដែលកំពុងជិះរថយន្តបម្រុងគេចខ្លួន។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនឈ្មោះ ចៅ វាសនា ពិតប្រាកដមែន ពា់ព័ន្ធករណីញុះញង់ឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល។

បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ករណីគូសបំផ្លាញសន្លឹកឆ្នោត នៅក្នុងពេលបោះឆ្នោត មាន៣ករណី គឺនៅការិយាល័យបោះឆ្នោតនៅវត្តមហាមន្ត្រី, ការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ និងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ (មានសារធាតុញៀនក្នុងខ្លួន)។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា ក្រុមគោលដៅដែលបានធ្វើសកម្មភាពប្រើប្រាស់បណ្តាញសង្គម ក្នុងការបង្ហាញគូសបំផ្លាញសន្លឹកឆ្នោតមានប្រមាណជា៤០នាក់។
គួរបញ្ជាក់ថា មកដល់ពេលនេះ មនុស្សចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគូសបំផ្លាញសន្លឹកឆ្នោត និងយកទូរស័ព្ទថតសន្លឹកឆ្នោត នៅការិយាល័យបោះឆ្នោតសាលាបឋមសិក្សាវត្តមហាមន្ត្រី ការិយាល័យបោះឆ្នោតនៅ សាលាបឋមសិក្សាស្ទឹងមានជ័យ និងករណីអ្នកបោះឆ្នោតមិនព្រមជ្រលក់ដៃក្នុងដបទឹកខ្មៅ លុបលាងមិនជ្រះ៕